ស្ទឹងត្រែង៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលការពារព្រំដែនគោក៧០១ បានបើកប្រត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយរឹបអូសបានគ្រឿងញៀនចំនួន ៣២០ដុំ ហើយនិងឧក្រិដ្ឋជនម្នាក់ ដែលជាជនជាតិឡាវ។
បើតាមកម្លាំងនគរបាល បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ក្នុងករណីជួញដូរគ្រឿងញៀនខាងលើមានឈ្មោះ ឡៅ លី (lAO lEE) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិឡាវ ។
ក្រៅតែពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ច បានរឹបអូសគ្រឿងញៀនប្រភេទកេតាមីនមានចំនួន ១៨បេ ស្មើនឹង ៣២០ដុំ (ថ្លឹងទម្ងន់សុទ្ធ ៣១៥គីឡូ និង ៧២៤,៨ក្រាម) ព្រមទាំងរថយន្តចំនួន ២គ្រឿង (ម៉ាក TOYOTA FORTUNER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2H-7583 និងម៉ាក TOYOTA TUNDRA ពាក់ផ្លាកលេខ ភ្នំពេញ 2AA-5577 ពណ៌ខ្មៅ) និងទូរសព្ទចំនួន ២គ្រឿងថែមទៀត។
សូមបញ្ជាក់ផងដែរថា គ្រឿងញៀនទាំងនេះ ត្រូវបានក្រុមឧក្រិដ្ឋជន ដឹកពីប្រទេសជិតខាងចូលមកតាមខេត្តស្ទឹងត្រែង ដើម្បីបន្តយកទៅលក់ និងចែកចាយបន្តទៀត ៕