បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលក្នុងក្លឹបកម្សាន្តយីហោ ស្តាស៊ីធី (STAR CITY PUB &KTV) ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រី មានទាំងភ្ញៀវ និងអ្នកបម្រើការងារសរុបប្រមាណជាង ១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន។
ប្រតិបត្តិការនេះ ធ្វេីឡេីងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាយប់រំលងអាធ្រាតុឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីត្រួតពិនិត្យរហូតឈានដល់ការឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរដែលបម្រើការងារនៅក្នុងក្លឹបកម្សាន្តខាងលើនេះរួចមករហូតព្រឹកឡើងបានដឹកតាមរថយន្ត ១៦កៅអីរបស់សាលាក្រុង បញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដើម្បីធ្វើការសាកសួរ។ ដោយឡែកមធ្យោបាយធ្វើដំណើរដូចជាម៉ូតូជាដើម របស់ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកទៅរក្សាទុក រីឯក្លឹបកម្សាន្ត ត្រូវបានបិទបណ្ដោះអាសន្នរង់ចាំធ្វើនីតិវិធីជាក្រោយ។
មនុស្សដែលបានឃាត់ខ្លួនខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំធ្វើតេស្តរកសារធាតុញៀន ដើម្បីអនុវត្តតាមនីតិវិធី ក្នុងករណីធ្វើតេស្តមិនមានសារធាតុញៀនទេនឹងធ្វើការដោះលែងឲ្យត្រឡប់ទៅវិញ។
គួររំលឹកផងដែរថា រយៈការកន្លងមកនេះអាជ្ញាធរមូលដ្ឋាន ពិសេសសមត្ថកិច្ចក្រុងតែងតែចុះធ្វើការណែនាំ នៅតាមក្លឹបកម្សាន្ត(KTV) ជារឿយៗ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីមានការផ្សព្វផ្សាយបែកធ្លាយរឿងក្លឹបកម្សាន្ត (KTV) មួយចំនួនលួចបង្កប់ល្បែងស៊ីសង និងថ្នាំគ្រវី រហូតសមត្ថកិច្ចឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ ហើយកន្លែងខ្លះត្រូវបានបិទបណ្ដោះអាសន្នថែមទៀតផង។ ហើយករណីដែលកម្លាំងសមត្ថកិច្ចចុះពិនិត្យរហូតឈានដល់ឃាត់ខ្លួនជនបរទេស និងខ្មែររហូតជាង ១០០នាក់នេះ មិនដឹងថាជាករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ៕