(ភ្នំពេញ) ៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្រោយវត្តពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ក្រោយធ្វើសកម្មភាពគាស់ទ្វារតូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយយកទូរសព្ទចំនួន ២២គ្រឿង និងឡេបថប ១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត នៅសង្កាត់គោកឃ្លៀងបានតែមួយថ្ងៃ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ អ៊ុ ក្រា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី២.ឈ្មោះ សុខ មាស ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ទី៣.ឈ្មោះ មាស វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) និងទី៤.ឈ្មោះ សយ តូ ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ចំណែកជនរងគ្រោះឈ្មោះ វណ្ណ វិចិត្រ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២ ៖ ៤៦ នាទី រំលងអធ្រាត្រ ជនសង្ស័យមួយក្រុមមានគ្នា ៣នាក់ បានធ្វើសកម្មភាពគាស់តូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយរបស់ជនរងគ្រោះនៅតាមផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ យកអស់ទូរសព្ទ ២២គ្រឿង និងលេបថប ១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត ។
ប្រភពដដែល បន្ថែមថា លុះនៅវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២៩ ខែតុលា កម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាំង និងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានជិះល្បាតនៅក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង ក៏បានឃាត់ជនសង្ស័យចំនួន ២នាក់ ដែលបានប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូ icon ១គ្រឿង មិនបានសម្រេច ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចក៏បានសួរនាំ ហើយជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពគាស់ផ្ទះយកទូរសព្ទកាលពីយប់រំលងអធាត្រ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ហើយសមត្ថកិច្ចក៏បានបន្តស្រាវជ្រាវ និងសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ទៀត នៅចំណុចបន្ទប់ជួល (សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងដកហូតវត្ថុតាងបានទូរសព្ទដៃ ៧គ្រឿង និងឡេបថប ១គ្រឿង ម៉ាក HP ពណ៌ទឹកប្រាក់ (របស់ជនរងគ្រោះ) មកវិញ ។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង ៤នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់តូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយយកទូរសព្ទ ព្រមទាំងប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕