ព័ត៌មានសន្តិសុខសង្គម

កំពុងឈប់ចាំស្តុបក្រហម ត្រូវរថយន្តបុកម៉ូតូ ២គ្រឿងពីក្រោយ បណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់ និងម្នាក់រងរបួសស្រាល

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងបណ្ដាលឲ្យមានមនុស្សស្លាប់ ២នាក់ និងរបួសស្រាលម្នាក់ ត្រង់ចំណុចស្តុបផ្សារព្រែកព្នៅ លើផ្លូវជាតិលេខ៥ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ៨:០០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាណ៍នេះ រវាងរថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រៃវែង 3A-2736 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកកបរដោយឈ្មោះ រឿត គឹមហុង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិអណ្ដូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន) លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយម៉ូតូឈប់ចាំស្តុបក្រហម ២គ្រឿង ក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) បើកបរដោយឈ្មោះ សឹម អាស់អារី ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិខ២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (របួសស្រាល)។

ចំពោះម៉ូតូទី២ ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BX-7170 ធ្វើដំណើរលើផ្លូវជាតិលេខ៥ (ឈប់ចាំស្តុបក្រហម) ក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) បើកបរដោយឈ្មោះ ខន មុនី ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិ១២ សង្កាត់ផ្សាកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរដោយឈ្មោះ សិន ម៉ីអីហុង ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ)។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗយកទៅអធិការនគរបាលខណ្ឌព្រែកព្នៅ ។ ចំណែកសាកសពពីរនាក់រង់ចាំសាច់ញាតិមកទទួលយក រីឯជនរងគ្រោះផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *