សៀមរាប៖ ចាងហ្វាងកាសែតអនឡាញម្នាក់ និងជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់អង្គរផងនោះ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបចាប់ខ្លួន នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅម្តុំផ្លូវត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
យោងតាមប្រភពពីកម្លាំងសមត្ថកិច្ច ដែលចុះអនុវត្តការចាប់ខ្លួននេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជនដែលត្រូវចាប់ខ្លួននេះមានឈ្មោះ ស៊ឹម ឈីវឈានពិសិដ្ឋ ។ ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលការបង្គាប់ឲ្យចាប់ខ្លួននេះ ក៏ទៅតាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។
លោក ស៊ឹម ឈីវឈានពិសិដ្ឋ អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងបច្ចុប្បន្នជាចាងហ្វាងសារព័ត៌មានអនឡាញម្នាក់ និងជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់អង្គរផងដែរ។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនដែលអ្នកសារព័ត៌មានទទួលបាន នៅរសៀលថ្ងៃទី២៥ ខែតុលា បានឲ្យដឹងថា លោកឈីវឈានពិសិដ្ឋ ត្រូវបានលោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំង ក្នុងសង្កាត់ជ្រាវ ដាក់ពាក្យប្តឹងទៅតុលាការ ពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។
បន្ទាប់ពីអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ សាលាដំបូងខេត្តសៀមរាប បានចេញសាលក្រមផ្តន្ទាទោស លោក ឈីវ ឈានពិសិដ្ឋ ដាក់ពន្ធនាគារ កំណត់រយៈពេល៦ខែ និងពិន័យជាប្រាក់មួយលានរៀល។
ដោយសារមិនសុខចិត្តនឹងសាលក្រមនេះ លោកពិសិដ្ឋ បានប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ប៉ុន្តែការប្តឹងនោះសុទ្ធតែត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ដែលចាត់ការសំណុំរឿងនេះ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តសៀមរាបទុកជាបានការដដែល និងបន្តដល់សាលដីការបស់សាលាឧទ្ធរណ៍បានចូលជាស្ថាពរ៕