ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនបរទេស ៣នាក់ និងរំដោះជនរងគ្រោះ​ ២នាក់ សង្ស័យករណីចាប់ជំរិត

កម្លាំងសមត្ថកិច្ច បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់​ រំដោះបានជនរងគ្រោះ ចំនួន ២នាក់ សង្ស័យពាក់ព័ន្ធករណីចាប់ជំរិត ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣ ៖ ៣៥ នាទី​រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ចំនុចក្បែរអាហារដ្ឋានយីហោ ជំនោរជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

លោកវរៈសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាម​រយៈ​លោកអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថា មានជនជាតិចិនកំពុងចាប់ជំរិតមនុស្ស នៅចំនុចក្បែរអាហារដ្ឋានយីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកអធិការ បានបញ្ជាឱ្យកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ បានឃើញរថយន្ត ចំនួន ២គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX- 9081 ចំនួន ១គ្រឿង និងរថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ- 7571 កំពុងឈប់ចតនៅក្នុងឃ្លាំងទុកចោល ក្បែរផ្លូវជាតិលេខ៥ និងបានឃើញមនុស្សរត់ចេញពីក្នុងរថយន្ត ចំនួន ៣នាក់ រត់សំដៅទៅវាលស្រែខាងត្បួងកន្លែងកើតហេតុ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ច បានចូលទៅពិនិត្យក្នុងរថយន្ត បានឃើញជនរងគ្រោះ ចំនួន ២នាក់ ទី១- ឈ្មោះ នូ នុងគ័ង ភេទប្រុស ជនជាតិចិន បច្ចុប្បន្នស្នាក់នៅក្នុងកាស៊ីណូលីម៉ាកាវ ខេត្តស្វាយរៀង (កំពុងអង្គុយក្នុងឡាន ពណ៌ស ស្ថានភាពដៃជាប់ខ្នោះ ចងភ្ជាប់នឹងដៃកាន់ក្នុងឡាន និងជើងទាំងពីរ ជាប់ចំណង) ទី២-ឈ្មោះ ម៉ៅ ភក្តី ហៅ ភ័ក្រ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (អង្គុយក្នុងរថយន្តក្នុងស្ថានភាព ដៃជាប់ខ្នោះ) ។

ក្នុងនោះ កម្លាំងសមត្ថកិច្ចមួយចំនួន បានតាមស្វែងរកជនសង្ស័យ​ បន្ទាប់មកកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ ដែលបានរត់ចេញពីរថយន្ត បានចំនួន ៣នាក់ ជាជនជាតិកាហ្សាក់ស្ថាន) ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *