ព័ត៌មានសន្តិសុខសង្គម

អធិការក្រុងស្ទឹងត្រែង ឃាត់ខ្លួនមនុស្ស៥នាក់ ដែលសុទ្ធតែធ្លាប់ជាប់ពន្ធនាគារជាច្រើនលើក ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

​ស្ទឹងត្រែង៖ ជនសង្ស័យសកម្មក្នុងអំពើលួចនិងបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋចំនួន៥នាក់ ដែលសុទ្ធតែធ្លាប់ជាប់ពន្ធនាគារច្រើនលើក ពេលនេះត្រូវបានកម្លាំងអធិការក្រុងស្ទឹងត្រែង ឃាត់ខ្លួនទៀតហើយ ក្រោយប្រព្រឹត្តសកម្មភាពលួចមានស្ថានទម្ងន់ទោស ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។ នេះបើយោងតាមលោក ឈូក កុម៉ុល អធិការក្រុងស្ទឹងត្រែង បានថ្លែងប្រាប់ CNC នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ឈូក កុម៉ុល អធិការក្រុងស្ទឹងត្រែងបានបញ្ជាក់ថា ដោយអនុវត្តតាមពាក្យបណ្ដឹងប្រជាពលរដ្ឋក្នុងករណីបាត់ម៉ូតូ កម្លាំងនគរបាលក្រុងបានសហការគ្នាជាមួយកម្លាំងប៉ុស្តិ៍មូលដ្ឋាន ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានក្រុមជនសង្ស័យចំនួន៥នាក់ និងរឹបអូសយកម៉ូតូបានមកវិញបានចំនួន៤គ្រឿងផងដែរ ។

លោកបន្តថាក្រុមទាំងនេះ ជាក្រុមសកម្មចេញលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដោយឥតរើសមុខ ដូចជាលួចម៉ូតូ កាត់ខ្សែភ្លើង និងគាស់ផ្ទះប្រជាពលរដ្ឋជាច្រើនទៀតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។

លោកអធិការបន្ថែមថា ជាមួយនឹងការបង្ក្រាបបានជនសង្ស័យទាំង៥នាក់នេះ ក៏មានបក្ខពួកមាន២នាក់ទៀតនាំយកម៉ូតូ១គ្រឿងទៅលក់នៅរាជធានីភ្នំពេញ ហើយសមត្ថកិច្ច ក៏បានធ្វើការទំនាក់ទំនងជាមួយកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីតាមចាប់ខ្លួនយកមកអនុវត្តច្បាប់ឲ្យខាងតែបាន។

លោកអធិការក្រុងបន្តទៀតថា ក្រុមជនសង្ស័យខាងលើនេះ ក្រៅពីចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងក្រុងក៏ជាក្រុមទំនើងដែលបង្ហោះម៉ូតូបង្កការរំខានដល់ប្រជាពលរដ្ឋកណ្ដាលយប់អធ្រាត្រផងដែរ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ដែលបានឃាត់ខ្លួន រួមមាន ឈ្មោះ លីពុតតុលា អាយុ ២២ ឆ្នាំជាមេខ្លោង , ឈ្មោះ សាយនីត ១៧ ឆ្នាំ មានប្រើប្រាស់គ្រឿងញៀនបន្ថែមទៀត, ឈ្មោះ ឈុំដូរ៉ូន ១៨ ឆ្នាំ, ឈ្មោះ វ៉ាន់វ៉ារី អាយុ ១៨ឆ្នាំ និង ឈ្មោះ អ៊ូន បញ្ញា អាយុ ១៨ ឆ្នាំ ដែលអ្នកទាំង៥រស់នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *