(ត្បូងឃ្មុំ) ៖ ភ្លៀងមួយមេខ្លាំង លាយឡំដោយខ្យល់កន្ត្រាក់មកលើស្រុកចំនួន២ ក្នុងនោះមានពញាក្រែក និងស្រុកអូររាំងឪ ជាហេតុបណ្ដាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋតូចធំប្រមាណជា ៦០ខ្នង បានទទួលរងខូចខាតរបើកដំបូល បាក់សំយាបផ្ទះ ។ តែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ។
ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាននៅឃុំដូនតី បានលាន់មាត់ថា ហេតុការណ៍បែបនេះកម្រនឹងជួបប្រទះណាស់នាពេលកន្លងទៅ ។
ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំដូនតី បានឱ្យដឹង នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ថា ភ្លៀងបានបង្អុរធ្លាក់មក លាយឡំដោយខ្យល់កន្ត្រាក់ នៅវេលាម៉ោង ៣ ៖ ៣០ នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ មកលើភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ ឃុំដូនតី មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួនសរុប ៤៨ខ្នងផ្ទះ ក្នុងនោះរងការខូចខាតកម្រិតស្រាលចំនួន ២៤ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិចំនួន ៣ រួមមាន៖ ១.ភូមិអង្គលើ ២៧ខ្នងផ្ទះ ២.ភូមិអង្គក្នុង ៩ខ្នងផ្ទះ ៣.ភូមិអង្គក្រៅ ១២ខ្នងផ្ទះ ។
សមត្ថកិច្ចមូលដ្ឋាន បានបន្តឱ្យដឹងទៀតថា ភ្លៀងដែលបានធ្លាក់មកនេះ គឺពិតជាកម្រជួបប្រទះនាពេលកន្លងទៅ ដោយលាយឡំខ្យល់កន្ត្រាក់ខុសប្លែកពីធម្មតា គឺភ្លៀងប្រហែលមួយម៉ោងឯណោះ ។ បន្ទាប់ពីភ្លៀងរួច មេភូមិបានរាយការណ៍ជូនរដ្ឋបាលមូលដ្ឋាន ឱ្យបានដឹងពីហេតុការណ៍ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងបី ។ រហូតមកដល់ថ្ងៃទី១៣ ខែតុលា ខាងមន្រ្តីសាលាស្រុកពញាក្រែក បានចុះស្រង់ស្ថិតិតាមលំនៅឋានខ្នងផ្ទះដែលរងការខូចខាត ដើម្បីត្រៀមចែកអំណោយជូនដល់ពួកគាត់ផងដែរ ។
ចំណែក លោក ជា ណារុន អភិបាលស្រុកអូរាំងឪ បានឱ្យដឹងដែរថា ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ខ្យល់កន្រ្តាក់ខូចខាតផ្ទះចំនួន ១២ខ្នងផ្ទះ និងសួនកីឡារបស់សាលារៀន ១រលំ ២ខ្នងផ្ទះ និងរលំសួនកីឡាសាលារៀន ១ខ្នង របើកដំបូល ១០ខ្នងផ្ទះ ។ ក្រោយពីទទួលបានព័ត៌មាននេះពីលោកមេឃុំតម្រិល រូបលោកបាននាំយកអំណោយកាកបាទក្រហម ទៅចែកជូនដល់ពលរដ្ឋរងគ្រោះនេះ ដោយធ្វើឡើងនារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ។
ជាមួយគ្នានោះដែរ អាជ្ញាធរក៏បានណែនាំដល់ពលរដ្ឋដែលមានផ្ទះតូចមិនធានាសុវត្ថិភាពពេលដែលមានភ្លៀងធ្លាក់ ត្រូវរកកន្លែងជ្រកកោន នៅផ្ទះអ្នកជិតខាង ជៀសវាងបង្ការកុំឱ្យមានគ្រោះថ្នាក់កើតឡើង ៕