ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុន គ្រឹះស្ថាន អង្គការ និងស្ថាប័នទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. នឹងបើកការពិគ្រោះយោបល់លើសេចក្ដីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI)” ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ការពិគ្រោះយោបល់នេះ ធ្វើឡើងស្របតាមស្មារតីក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិត របស់ឧត្ដមមន្ត្រីឌីជីថលអាស៊ាន ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានអាស៊ាន។

១. សាវតារ
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាព័ត៌មានដែលមានការប្រើប្រាស់ជាយូរមកហើយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពិភពលោកងាកមកចាប់អារម្មណ៍លើAIកាន់តែខ្លាំង ដោយសារការរីកដុះដាលនៃបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Generative AI ឬ GenAI)។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក.ប.ទ. និងក្រសួងទទួលបន្ទុកវិស័យឌីជីថលនៃបណ្ដារដ្ឋសមាជិកអាស៊ាន បានពិភាក្សានិងអនុម័តលើឯកសារ “មគ្គទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត” សម្រាប់គ្រឹះស្ថានក្នុងតំបន់អនុវត្តដោយស្ម័គ្រចិត្តក្នុងការរចនា អភិវឌ្ឍ និងដាក់ឱ្យប្រើប្រព័ន្ធ AI បែបប្រពៃណី ប្រកបដោយការទទួលខុសត្រូវ។ បន្ថែមលើនេះ ក្រសួងទទួលបន្ទុកវិស័យឌីជីថលនៃបណ្ដារដ្ឋសមាជិកអាស៊ាន បានមូលមតិគ្នាបង្កើត ក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដើម្បីសហការគ្នាលើកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិតក្នុងតំបន់ ហើយថ្មីៗនេះ ក្រុមការងារបានពិនិត្យពិភាក្សានិងឯកភាពលើសេចក្ដីព្រាងដំបូងនៃ “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិតសម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា” (“មគ្គទេសក៍បន្ថែម”) ដែលជាការបំពេញបន្ថែមលើមគ្គទេសក៍មុន ដើម្បីឆ្លើយតបនឹងការរីកដុះដាលនៃ GenAI។

២. ការពិគ្រោះយោបល់
ដើម្បីឱ្យសេចក្ដីព្រាង “មគ្គទេសក៍បន្ថែម” នេះកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ ក្រសួងទទួលបន្ទុកវិស័យឌីជីថលនៃបណ្ដារដ្ឋសមាជិកអាស៊ានបានសម្រេចដាក់សេចក្ដីព្រាងដំបូងនៃ “មគ្គទេសក៍បន្ថែម” នេះ ពិគ្រោះយោបល់ជាមួយវិស័យឯកជនតាមប្រទេសរៀងៗខ្លួន ដោយត្រូវបូកសរុបលទ្ធផលនិងបញ្ជូនទៅអគ្គលេខាធិការដ្ឋានអាស៊ានត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ ផ្អែកតាមអនុសាសន៍នៃគោលការណ៍ណែនាំរួម ការជ្រើសរើសដៃគូពិគ្រោះយោបល់នេះ រួមមាន៖

សមាគមតំណាងអ្នកតែងនិពន្ធនិងអ្នកបោះពុម្ពផ្សាយ
សមាគមតំណាងក្រុមហ៊ុនសន្តិសុខសាយប័រ
សមាគមតំណាងក្រុមហ៊ុនអេឡិចត្រូនិកនិងក្រុមហ៊ុនបច្ចេកវិទ្យា
សមាគមតំណាងក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុ
ក្រុមហ៊ុននិងអង្គការសមាគមដែលអាចមានយោបល់
បុគ្គលផ្សេងទៀត តាមឆន្ទានុសិទ្ធិរបស់រដ្ឋសមាជិក។
តាមរយៈសេចក្ដីជូនដំណឹងនេះ ក.ប.ទ. សូមអញ្ជើញដៃគូពិគ្រោះយោបល់ដូចខាងលើ និងលើកទឹកចិត្តគ្រឹះស្ថាន អង្គការ ស្ថាប័ន ព្រមទាំងរូបវន្តបុគ្គលនិងនីតិបុគ្គលដែលមានចំណាប់អារម្មណ៍ទាំងអស់ ទាំងក្នុងវិស័យឯកជន វិស័យអប់រំស្រាវជ្រាវ និងសង្គមស៊ីវិល ចុះឈ្មោះចូលរួមពិគ្រោះយោបល់ តាមនីតិវិធីខាងក្រោម។
៣. នីតិវិធីចូលរួមពិគ្រោះយោបល់

ជំហានទី១ ៖ ចូលទៅកាន់ go.gov.kh/mptc/regcon-genai ដើម្បីចុះឈ្មោះពិគ្រោះយោបល់ ដោយបំពេញឈ្មោះគ្រឹះស្ថាន ឈ្មោះនិងតួនាទីសាមីខ្លួន អ៊ីមែល និងមូលហេតុដែលមានការពាក់ព័ន្ធ។
ជំហានទី២ ៖ អ្នកពាក់ព័ន្ធនឹងទទួលបានសេចក្ដីព្រាងដើម្បីពិនិត្យនិងផ្ដល់យោបល់ ព្រមទាំងទម្រង់គំរូ ដើម្បីកត់ត្រាមតិយោបល់។
ជំហានទី៣ ៖ បញ្ជូនមតិយោបល់មក ក.ប.ទ. តាមរយៈ go.gov.kh/mptc/subcon-genai ឱ្យបានត្រឹមដំណាច់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
ជំហានទី៤ ៖ សិក្ខាសាលាពិគ្រោះយោបល់ នៅទីស្ដីការ ក.ប.ទ. នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
៤. ជំហានបន្ទាប់
ក្រុមការងារជំនាញរបស់ ក.ប.ទ. នឹងសំយោគមតិយោបល់ភាគីពាក់ព័ន្ធ និងផ្ញើទៅកាន់អគ្គលេខាធិការដ្ឋានអាស៊ាន។ សេចក្ដីព្រាង “មគ្គទេសក៍បន្ថែម” អាចត្រូវបានកែសម្រួលជាបន្តបន្ទាប់ តាមការពិភាក្សានិងការឯកភាពរបស់ឧត្ដមន្ត្រីឌីជីថលអាស៊ាននិងការសម្រេចរបស់កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន។
កំណត់សម្គាល់៖

ខ្លឹមសារសេចក្ដីព្រាងអាចមានការប្រែប្រួល អាស្រ័យលើលទ្ធផលនៃការពិគ្រោះយោបល់ដែលកំពុងអនុវត្តដំណាលគ្នានៅបណ្ដារដ្ឋសមាជិកអាស៊ាន។
ឯកសារសេចក្ដីព្រាងនេះ ត្រូវចាត់ទុកជាការសម្ងាត់។ អ្នកទទួលបានឯកសារមិនត្រូវផ្សព្វផ្សាយបន្តចេញពីគ្រឹះស្ថានខ្លួន ឬប្រើប្រាស់ឯកសារនេះសម្រាប់គោលដៅផ្សេងក្រៅពីការពិគ្រោះយោបល់នេះជាដាច់ខាត៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *