(ស្វាយរៀង) ៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបង្ក្រាបទីតាំងផ្ទះសំណាក់ និងម៉ាស្សាខារ៉ាអូខេយីហោ OMG massage ដែលបង្កប់ការប្រើប្រាស់ចែកចាយគ្រឿងញៀន នៅក្រុងបាវិត ដោយចាប់ខ្លួនជនជាតិវៀតណាម ១៣នាក់ និងគ្រឿងញៀនមួយចំនួនធំ ។
ប្រតិបត្តិការនេះ បានធ្វើឡើង ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ។
លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានឱ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោ KTV OMG massage ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ១៣នាក់ និងដកហូតវត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន សារធាតុញៀនសរុបទម្ងន់ ២៧៥.៩២ក្រាម, អាវុធខ្លី ២ដើម បង់ ២ គ្រាប់ ១៥គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀន ៣គ្រឿង, ទូរស័ព្ទដៃ ១៦គ្រឿង, រថយន្ត ៣គ្រឿង, ម៉ូតូ ៣គ្រឿង ព្រមទាំងឧបករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕