(ថៃឡង់ដ៍) ៖ រថយន្តឈ្នួល (តាក់ស៊ី) មួយគ្រឿង បានឆាបឆេះនៅលើផ្លូវរាមាទី៩ (Rama IX) ក្នុងរាជធានីបាងកក កាលពីព្រឹកថ្ងៃសៅរ៍ ខែតុលានេះ ដោយបណ្តាលឱ្យមនុស្ស ៥ នាក់រងរបួស រួមទាំងអ្នកបើកបរផងដែរ ។ នេះបើយោងតាមសារព័ត៌មានរបស់ Bangkok Post
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីម៉ោង ៨ និង ១០នាទីព្រឹក នៅជិតស្តុប Premier ផ្លូវស្រ៊ីនការីន (Srinakarin Road) ។ គេបានចំណាយពេល ១៥ នាទី ទម្រាំតែអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យបាន ។
យោងតាមការសន្និដ្ឋានជាបឋម របស់សមត្ថកិច្ចថៃ បានបញ្ជាក់ថា រថយន្តឈ្នួល បានបើកទៅបុករបាំងទ្រូងផ្លូវនៅឯផ្លូវសម្រាប់បត់ត្រឡប់ក្រោយ រួចក៏ក្រឡាប់ និងបណ្តាលឱ្យកើតមានអគ្គិភ័យឆាបឆេះតែម្តង ។
គួរឱ្យដឹងដែរថា រថយន្តខាងលើនេះ បានប្រើសាំង និងឧស្ម័ន (ហ្គាស LPG) ប៉ុន្តែសមត្ថកិច្ច មិនបានរកឃើញថា វាបណ្តាលឱ្យកើតមានអគ្គិភ័យនោះទេ ខណៈការស៊ើបអង្កេតពីមូលហេតុពិតប្រាកដ កំពុងតែបន្ត ៕