(ស្វាយរៀង) ៖ ជនសង្ស័យជនជាតិវៀតណាម ចំនួន ៩នាក់ និងគ្រឿងញៀនទម្ងន់ជាង ២គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ធ្វើការបង្ក្រាប និងចាប់ខ្លួនអនុវត្តតាមច្បាប់ ។
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពី លោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខយីហោ KTV B’WOW ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ៩នាក់ (ប្រុស) ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូត និងចាប់យកសម្ភារវត្ថុតាង ដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ១១០៧.១៦ ក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី ទម្ងន់ ១២៥២.១២ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៥.១៣ ក្រាម (សរុបសារធាតុញៀន ទម្ងន់ ២៣៦៤.៤១ក្រាម (២គីឡូ៣៦៤.៤១ក្រាម), ទូរសព្ទដៃ ៩គ្រឿង, ម៉ូតូ ៣គ្រឿង, លិខិតឆ្លងដែន ៦ក្បាល, អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម ចំនួន ៥សន្លឹក ព្រមទាំងឧបករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕