កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ៣៥ នាទី មានក្រុមក្មេងទំនើងចំនួន១៣នាក់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៧-៤៨ ស្ថិតនៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បណ្ដាលរថយន្តម៉ាកឡង់គ្រីស័រ ១គ្រឿង បែកផ្ទៃកញ្ចក់ខាងមុខ តែមិនបង្កឲ្យមានអ្នករងរបួសឡើយ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ថា មានករណីគប់កញ្ចក់រថយន្តនៅលើកំណាត់ផ្លូវជាតិលេខ៣ និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ថា ធ្វើយ៉ាងណាស្វែងរក និងចាប់ខ្លួនក្រុមក្មេងទំនើងទាំងនេះឱ្យខានតែបាន គឺមិនត្រូវបណ្ដែតបណ្ដោយឱ្យសកម្មភាពរបស់ក្មេងទំនើងទាំងនោះរួចខ្លួនទេ ។
ដោយទទួលបទបញ្ជាភ្លាម លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការនគរបាលស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ចុះពិនិត្យកន្លែងកើតហេតុ និងសិក្សាពីសកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនោះ តាមរយៈកាមេរ៉ាសុវត្តិភាពរបស់ម្ចាស់រថយន្ត ដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ។
ជាក់ស្តែងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ ជាបន្តបន្ទាប់ ចំនួន ១៣នាក់ និងបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តខាងលើពិតប្រាកដមែន ហើយនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ១៣នាក់ រួមជាមួយវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។