វៀតណាម៖ ខ្យល់ព្យុះទីហ្វុងឈ្មោះ យ៉ាហ្គី (Yagi) ជាប្រភេទខ្យល់ព្យុះដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អាស៊ី បានបោកបក់មកលើតំបន់ភាគខាងជើងប្រទេសវៀតណាម កាលពីរសៀលថ្ងៃអាទិត្យ បង្កឱ្យមានទឹកភ្លៀងធ្លាក់ខ្លំាង នំាឱ្យមានការខូចខាតរោងចក្រ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសនៅក្នុងតំបន់ឧស្សាហកម្មនំាចេញដ៏សំខាន់មួយរបស់ប្រទេស ។
បើផ្អែកតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសវៀតណាម បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ បន្តទៀតថា ស្ថានភាពទឹកភ្លៀងហាក់ថមថយចុះច្រើន បើប្រៀបធៀបកាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈអាជ្ញាធរត្រៀមបង្ការគ្រោះទឹកជំនន់ និងរអិលបាក់ដីអាចនឹងកើតមានឡើងបន្តទៀតចេញពីខ្យល់ព្យុះទីហ្វុងដ៏កំណាចមួយនេះ ព្រោះថា រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកហើយ ដែលគេខកខានបានឃើញសភាពបែបនេះ ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ខ្យល់ព្យុះយ៉ាហ្គី បានបង្កឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍នៅក្នុងទីក្រុងហាណូយ មិនតែប៉ុណ្ណោះ ដើមឈើជាច្រើនពាន់ដើមរលំបាក់ និងបង្កវិនាសកម្មដល់ផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនធំទៀត ។
តាមការស្មានជាជំហានដំបូងចេញពីរដ្ឋាភិបាលវៀតណាមនៅក្នុងរង្វង់មួយសប្តាហ៍កន្លងមក វិនាសកម្មដែលបង្កឡើងដោយសារតែខ្យល់ព្យុះ និងរអិលបាក់ដី បណ្តាលឱ្យស្លាប់មនុស្ស ២១នាក់ និងរងរបួស ២២៩នាក់ផ្សេងទៀត នៅក្នុងប្រទេសវៀតណាម ខណៈមនុស្ស ២០នាក់ ផ្សេងទៀតនៅក្នុងប្រទេសហ្វីលីពីន ក៏ត្រូវគេអះអាងថា រងគ្រោះដោយសារតែមហន្តរាយធម្មជាតិនេះដែរ ។
ដោយឡែកទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ឯណោះវិញ បានរាយការណ៍ឱ្យដឹងបន្ថែមទៀតថា នៅក្នុងទីក្រុងហៃហ្វុង ជាទីប្រជុំជនមួយ ស្ថិតនៅតាមបណ្តោយមាត់សមុទ្ររបស់ប្រទេសវៀតណាម មានពលរដ្ឋរស់នៅប្រមាណជា ២លាននាក់ ដែលសំបូរទៅដោយរោងចក្រ និងវិនិយោគទុនជាពហុជាតិសាសន៍ នៅតែបន្តបិទទ្វារតំបន់ឧស្សាហកម្មនៅឡើយ កាលពីថ្ងៃអាទិត្យ ។
ទីភ្នាក់ងារឧតុនិយមថ្នាក់ជាតិវៀតណាមដដែល បានគូសបញ្ជាក់បន្តទៀតថា បន្ទាប់ពីការរអិលបាក់ដីនៅក្នុងប្រទេសវៀតណាម កាលពីរសៀលថ្ងៃសៅរ៍ ខ្យល់ព្យុះយ៉ាហ្ស៊ី បាននំានូវរលកមានកម្ពស់រហូតដល់ទៅ ៤ម៉ែត្រ នៅតាមបណ្តោយមាត់ឆ្នេរសមុទ្រ ខណៈតាមដងទន្លេ និងស្ទឹងមួយចំនួន ដោយរាប់បញ្ចូលទំាងទីក្រុងហាណូយ អាចនឹងប្រឈមមុខទៅនឹងគ្រោះទឹកជំនន់ទៀតផង ។
រីឯអាកាសយានដ្ឋានអន្តរជាតិណយបៃ នៅក្នុងរដ្ឋធានីហាណូយវិញ បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបិទកាលពីថ្ងៃសៅរ៍ ដោយសារតែខ្យល់ព្យុះទីហ្វុងមួយនេះ ៕