ព័ត៌មានសន្តិសុខសង្គម

ទាហានថៃប្រទះឃើញគ្រាប់កាំភ្លើងយន្ត ចំនួន ០៦កេស នៅក្បែរព្រំដែនកម្ពុជា

(បាត់ដំបង) ៖ គ្រាប់កាំភ្លើងយន្ត ធុន ១២,៧ ម.ម ចំនួន ០៦ កេស ស្មើនឹងចំនួន ៥១០ គ្រាប់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ដើរល្បាតប្រទះឃើញគេលាក់ទុកនៅក្បែរព្រំដែនកម្ពុជា កាលពីរសៀលថ្ងៃទី០៣ មិថុនា នៅចំណុចភូមិណងបន ឃុំធុងកាណាន ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ ឈមនឹងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីព្រំដែន ។

យោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចព្រំដែន បានឱ្យដឹងថា គ្រាប់កាំភ្លើងយន្ត ធុនធ្ងន់នេះ ត្រូវបានទាហានថៃ ប្រទះឃើញច្រកក្នុងការ៉ុង ចំនួន ០២ កប់ក្នុងរណ្ដៅ និងគ្របពីលើដោយស្លឹកឈើ នៅក្នុងព្រៃមួយកន្លែង នៅក្បែរព្រំដែនកម្ពុជា-ថៃ ។ ប៉ុន្តែគេមិនទាន់ដឹងពីប្រភពច្បាស់លាស់ នៃគ្រាប់កាំភ្លើង ឬ ជនអានាមិក ដែលលាក់ទុកគ្រាប់នេះនោះទេ ។

ប្រភពដដែល បានបញ្ជាក់ថា គ្រាប់កាំភ្លើង ធុន ១២,៧ ម.ម មានចំនួន ០៦ កេស ស្មើនឹងចំនួន ៥១០ គ្រាប់ នៅមានគុណភាពល្អ ថ្មីស្រឡាងតែម្ដង ។

គេនៅចាំបានថា កាលពីអំឡុងដើមឆ្នាំ២០២៤ ក្រុមទាហានឈុតខ្មៅថៃ ក៏ធ្លាប់ចេញដើរល្បាត ប្រទះឃើញអាវុធយុទ្ធភណ្ឌ និងគ្រាប់កាំភ្លើងជាច្រើនប្រភេទដែលជនមិនស្គាល់មុខលាក់ទុកនៅក្នុងទឹកដីនៃប្រទេសថៃ ក្បែរព្រំដែនកម្ពុជា ត្រង់ចំណុចដដែលនេះ ចំនួន ០៣ លើក កន្លងមកហើយ ហើយលើកនេះជាលើកទី០៤ ។ គ្រាប់ និងអាវុធយុទ្ធភណ្ឌទាំងនោះ ត្រូវកម្លាំងទាហានថៃ ប្រទះឃើញច្រកក្នុងការ៉ុង កប់ក្នុងដីនិងគ្របមែកឈើ ក្បែរចម្ការមៀនមួយកន្លែង នៅក្នុងឃុំធុងកាណាន ស្រុកសយដាវ ខេត្តច័ន្ទបូរី ជិតអូរព្រំដែនកម្ពុជា-ថៃ (ចំណុចខាងលើ) ។

គួរជម្រាបផងដែរថា កាលពីដើមឆ្នាំ២០២៤ ក្រុមទាហានថៃ បានរកឃើញ ៖
លើកទី១ នៅថ្ងៃទី០៩ ខែមករា ដែលមានកាំភ្លើង ធុន AK-47 ចំនួន ២២ ដើម, កាំភ្លើង ធុន M-16 ចំនួន ១៥ ដើម, គ្រាប់បែកដៃចំនួន ១៤០ គ្រាប់, កាំភ្លើងយន្ត ធុន ១២,៧ ម.ម ចំនួន ០១ ដើម និងគ្រាប់កាំភ្លើងយន្ត ធុន ១២,៧ ម.ម ចំនួន ៥១០ គ្រាប់ ។

លើកទី២ ទាហានថៃ បានរកឃើញគ្រាប់កាំភ្លើងបន្ថែមទៀត នៅថ្ងៃទី២២ ខែមករា ក្បែរកន្លែងដដែល ដោយរកឃើញគ្រាប់កាំភ្លើងយន្ត ធុន ១២,៧ ម.ម ចំនួន ១២ កេស ស្មើនឹងចំនួន ១.០២០ គ្រាប់ ។

លើកទី៣ ក្រុមទាហានថៃដដែល បានរកឃើញគ្រាប់កាំភ្លើងយន្ត ធុន ១២,៧ ម.ម ចំនួន ០៣ កេសបន្ថែមទៀត នៅរសៀលថ្ងៃទី១១ ខែមីនា ក្បែរកន្លែងដដែលទៀត ក្នុងទឹកដីថៃ ចម្ងាយពីព្រំដែនកម្ពុជា-ថៃប្រមាណ ៣០០ ម៉ែត្រ ។

និងលើកទី០៤ នេះ រកឃើញនៅថ្ងៃទី០៣ ខែមិថុនា គ្រាប់កាំភ្លើង ធុន ១២,៧ ម.ម ចំនួន ០៣ កេសទៀត ស្មើនឹងចំនួន ៥១០ គ្រាប់ ។

បើយោងលើព្រឹត្តិហេតុ នៃការរកឃើញអាវុធយុទ្ធភណ្ឌ ចំនួន ០៤ លើក នៅក្នុងទឹកដី នៃប្រទេសថៃ ជាបន្តបន្ទាប់ខាងលើនេះ គឺ គ្រាប់ និងអាវុធទាំងនេះ ត្រូវបានជនមិនស្គាល់មុខ នាំយកទៅកប់ដីលាក់ទុកក្នុងទឹកដីប្រទេសថៃ នៅកន្លែងក្បែរៗគ្នា ហើយគេមិនទាន់ដឹងថា តើគ្រាប់ និងអាវុធយុទ្ធភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ ត្រូវគេនាំចូល ឬ នាំចេញពីប្រភពណាឱ្យប្រាកដនោះទេ ដែលយកទៅលាក់ទុកក្នុងទឹកដីថៃ ក្បែរព្រំដែនកម្ពុជា ទើបត្រូវទាហានថៃ ដើរល្បាតប្រទះឃើញជាបន្តបន្ទាប់បែបនេះ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *