(បន្ទាយមានជ័យ) ៖ នាយករងសាលាបឋមសិក្សាថ្មពួកម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្មពួក ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីរំលោភក្មេងស្រីសិស្សសាលា អាយុ ១២ ឆ្នាំ បានសម្រេចរហូតដល់ ១៣ ដង ជាថ្នូរនឹងការដាក់ពិន្ទុល្អ ចំណាត់ខ្ពស់ និងឱ្យជាប្រាក់ ចំនួន ០៩ ម៉ឺនរៀល ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា ពិតជាបានឃាត់ខ្លួនជនសង្ស័យឈ្មោះ មន្ត សុមិត្ត ភេទប្រុស អាយុ ៥៣ ឆ្នាំ (ជានាយករងសាលាបឋមសិក្សាថ្មពួក) រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ដែលចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ» លើក្មេងស្រីរងគ្រោះម្នាក់ អាយុ ១២ ឆ្នាំ (ជាសិស្សថ្នាក់ទី៦) ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជន ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ទឹម ញ៉ាន ភេទប្រុស អាយុ ៦២ ឆ្នាំ បានប្តឹងឈ្មោះ មន្ត សុមិត្ត ភេទប្រុស អាយុ ៥៣ ឆ្នាំ (មុខរបរជានាយករងសាលាបឋមសិក្សាថ្មពួក) រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ពីបទលួងចៅស្រីរបស់គាត់ មានអាយុ ១២ ឆ្នាំ រៀនថ្នាក់ទី៦ សាលាបឋសិក្សាថ្មពួក ដែលឪពុកធ្វើទៅធ្វើការនៅប្រទេសថៃ រស់នៅជាមួយលោកតា និងលោកយាយ ។
លោកស្រីឧត្តមសេនីយ៍ បានបញ្ជាក់ថា ការប្តឹងចោទប្រកាន់ពីបទរំលោភ «សេពសន្ទវៈ» បានសម្រេច ចំនួន ១៣ ដង ដែលប្រព្រឹត្តនៅអំឡុងខែមេសា ឆ្នាំ២០២៤ រំលោភបានសម្រេចរហូត ចំនួន ០៦ ដង នៅអំឡុងខែឧសភា ឆ្នាំ២០២៤ រំលោភបាន ចំនួន ០៧ ដងទៀត ដែលទូរសព្ទណាត់ទៅរំលោភក្នុងបណ្តាល័យសាលាបឋមសិក្សាថ្មពួក ដែលថ្នូរនឹងពិន្ទុល្អ ចំណាត់ថ្នាក់ខ្ពស់ និងដោយឱ្យលុយ សរុប ០៩ ម៉ឺនរៀលទៀតផង ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ កម្លាំងអធិការនគរបាលស្រុកថ្មពួក បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីបន្ត ។
ក្នុងនោះខាងដើមបណ្តឹង ប្តឹងទាមទារសំណងជំងឺចិត្តជាទឹកប្រាក់ ចំនួន ០៦ ម៉ឺនដុល្លារ និងឱ្យច្បាប់ចាត់ការតាមនីតិវិធីច្បាប់៕