(ឧត្តរមានជ័យ) ៖ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ បន្ទាប់ពីបុរសរូបនេះ បានលួងលោមរួមភេទជាមួយក្មេងស្រីជាអនីតិជនម្នាក់ រហូតមានផ្ទៃពោះជាង ០១ខែ ។
ការឃាត់ខ្លួននេះ បានធ្វើឡើង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមការបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ។
ប្រភពពីមន្ត្រីអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺយោងតាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះ ឈ្មោះ វ៉ែន សំណាង ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលបានប្តឹងជនសង្ស័យ ឈ្មោះ ក្រូច ផាត ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ពីបទរំលោភសេពសន្ធវៈកូនស្រីរបស់គាត់ដែលជាអនីតិជនឈ្មោះ ស. ស.ន រហូតមានផ្ទៃពោះ ០១ ខែកន្លះ ។
បើតាមការឱ្យដឹងពីមន្ត្រីអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដោយដកស្រង់សម្ដីម្តាយក្មេងស្រីរងគ្រោះថា ករណីរំលោភនេះ កើតឡើងតាំងពីឆ្នាំ២០២២ម្ល៉េះ ស្របពេលដែលក្មេងស្រីរងគ្រោះ ទើបតែអាយុ ១២ ឆ្នាំប៉ុណ្ណោះ ។ ប៉ុន្តែដោយសារឃើញអាការៈកូនស្រីប្លែក ម្តាយជជីកសួរតែកូនស្រីមិនប្រាប់ទេ ដោយសារខ្លាចការគម្រាមរបស់ជនសង្ស័យ ទើបឱ្យម្តាយប្រើចិត្តសាស្ត្រថា បើមិនប្រាប់ទេ និងនាំទៅឱ្យប៉ូលិសសួរ ប្រយ័ត្នខ្មាសគេ ដោយសារខ្លាចខ្មាសគេ ទើបក្មេងស្រីរងគ្រោះប្រាប់ម្តាយពីដំណើររឿងទាំងអស់ ទើបធ្វើឱ្យម្តាយឪពុកក្មេងស្រីរងគ្រោះរូបនេះដាក់ពាក្យប្តឹង រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបាន ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការទៅតាមច្បាប់ ៕