(ភ្នំពេញ) ៖ កម្លាំងនគរបាលខណ្ឌ៧មករា បានសហការជាមួយកម្លាំងអាវុធខណ្ឌ ចុះឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ក្រោយផ្ទុះអាវុធ ចំនួន ៥គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់ ។
យោងតាមផេកផ្លូវការ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែឧសភា នេះថា ករណីផ្ទុះអាវុធនេះ បានកើតឡើងកាលពីវេលាម៉ោង ០៣ ៖ ៣០ នាទីទាបភ្លឺ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ចំណុចច្រកឡើងផ្ទះគ្មានលេខ ផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បន្ថែមថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ផាត ផានណា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរទាហាន ពាក់ព័ន្ធករណីផ្ទុះអាវុធដោយខុសច្បាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។ ក្នុងករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា អាចបណ្តាលមកពីមានទំនាស់ពាក្យសម្ដីជាមួយអ្នកជិតខាង ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានប្រគល់ជូនកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕