(ភ្នំពេញ) ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ (scammed online) នៅចំណុចអតីតកាស៊ីណូ ភែរីដល អាយលែន និងត្រូវបានបណ្តេញជនជាតិវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ១០៨ នាក់ ស្រី ១៦ នាក់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។
ពាក់ព័ន្ធនឹងករណីដូចគ្នានេះដែរ សមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ (scammed online) នៅចំណុចសណ្ឋាគារ ធាន អ៊ី ហ៊ូ អ៊ីនធើណេមិន ឯ.ក នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងត្រូវបានបណ្តេញជនជាតិវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ៨៨ នាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។
កាលពីនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញក៏បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ (scammed online) នៅចំណុចថ្មយក្ស ស្ថិតនៅក្រុម១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងត្រូវបានបណ្តេញជនជាតិវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សរុបចំនួន ៣៥ នាក់ ៕