(កោះកុង) ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានបំបែកសំណុំរឿងឃាតកម្មសម្លាប់ញាត់សពក្នុងវ៉ាលីនៅភ្នំពេញ ហើយបន្តយកទៅបោះចោលនៅតាមជម្រាលភ្នំខេត្តកោះកុង កាលពីនៅវេលាម៉ោង ៤ ៖ ៣០ នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដែលប្រជាពលរដ្ឋនៅទីនោះ បានប្រទះឃើញវ៉ាលីដាក់សាកសពនេះ នៅចំណុចក្បែរផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង (មិនស្គាល់អត្តញ្ញាណ) ។
រហូតមកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥ ៖ ០០ នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង, អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើវិធានការជំនាញធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងទីតាំងឈានទៅដល់ការឃាត់ខ្លួន នៅចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នៅចំពោះមុខសម្ថតកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនដៃដល់ឈ្មោះ ញ៉ែប សុខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០១ រសៀល នៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK Condo ៥៤៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់មកនៅថ្ងៃដដែល វេលាម៉ោងប្រហែល ៦ ៖ ៤៩ នាទីល្ងាច រូបគេបានដាក់សាកសពចូលទៅក្នុងវ៉ាលី ដឹកតាមរថយន្តម៉ាក RangRover Sport ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-9987 បន្តយកទៅទម្លាក់ចោលនៅចំណុចជម្រាលផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ខណៈ ជនសង្ស័យអះអាងថា ការដែលរូបគេឈានដល់ហ៊ានសម្លាប់ជនរងគ្រោះ ដោយសារតែខឹងជនរងគ្រោះ បាន Hack យកគណនី ICloud, ធនាគារ ABA ,ស៊ីមទូរសព្ទរបស់ខ្លួនយកទៅគ្រប់គ្រង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
សូមជម្រាបថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដោយមិនខ្លាចនឿយហត់ ហើយប្រើប្រាស់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ក៏បំបែកសំណុំរឿងឃាតកម្មដ៏រន្ធត់មួយនេះបានជោគជ័យ ពោលគឺធ្វើឡើងក្រោយពីទទួលបានព័ត៌មាន និងអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, អគ្គស្នងការរងទទួលការងារនាយកដ្ឋាន, ប្រធាននាយកដ្ឋានកណ្ដាល និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ៕