(បន្ទាយមានជ័យ) ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានដាក់បទបញ្ជាទៅលើរថយន្តធំៗ ជាពិសេសរថយន្តដឹកដីទាំងឡាយណា ដែលបានបើកជាន់លើកម្រាលក្រាលការ៉ូទ្បាតាមចញ្ចើមផ្លូវ ក្នុងក្រុង បណ្តាលឱ្យរងការខូចខាត ត្រូវជួសជុលឡើងវិញជាបន្ទាន់ ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ការ៉ូទ្បាដែលបានរៀបចំនៅតាមចញ្ចើមដងផ្លូវជាតិលេខ៥ នេះ គឺដើម្បីលម្អក្រុង និងសម្រាប់ប្រជាពលរដ្ឋដើរថ្មើរជើង ឬដើម្បីហាត់ប្រាណ បែរជារថយន្តបើកជាន់ធ្វើឱ្យរងការខូចខាតទ្រព្យសម្បត្តិរដ្ឋស្ទើរខូចទាំងស្រុង ។ ហើយនៅពេលនេះ លោក បានហៅម្ចាស់រថយន្ត និងម្ចាស់ដីដែលបានចាក់ដី ត្រូវរៀបចំជួសជុលតាមចញ្ចើមផ្លូវ និងធ្វើការរៀបក្រាលការ៉ូឡាលម្អនៅតាមចញ្ចើមផ្លូវជាតិលេខ៥ ទ្បើងវិញ ។
ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ បានសារទរនឹងចំណាត់ការនេះ ព្រោះការ៉ូឡាដែលរងការខូចខាតនេះ មានរយៈពេលជិតមួយខែមកហើយ ដោយរថយន្តដឹកដីចេញ-ចូលចាក់ដីនៅផ្នែកខាងក្រោយជិតមាត់ស្ទឹងក្រុងសិរីសោភ័ណ ។
ដោយឡែក លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា រថយន្តដឹកដីកិនធ្វើឱ្យខូចខាតកម្រាល ការ៉ូឡា នៅចំណុចចិញ្ចើមផ្លូវខាងលិចក្បាលស្ពានសែនសិន ប្រមាណជាង ១០០ ម៉ែត្រ នៅចិញ្ចើមផ្លូវខាងជើងនោះគឺម្ចាស់ដី និងម្ចាស់រថយន្តព្រមទទួលធ្វើការជួសជុលសងទ្បើងវិញ ៕