(បាត់ដំបង) ៖ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតខ្វែវ) មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ មឿន សុខុម ភេទស្រី អាយុ ៤៩ ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយបានយកកាំបិតខ្វែវដងឈើ កាប់ទៅលើជនរងគ្រោះឈ្មោះ គង់ ស័ក ភេទប្រុស អាយុ ៥៩ ឆ្នាំ មានទីលំនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាប់ចំម្រាមដៃនាងខាងស្ដាំ បណ្ដាលឱ្យដាច់ និងម្រាមដៃកណ្ដាល បណ្ដាលឱ្យរបួសដេរអស់ ០៥ ថ្នេរ ។
ហេតុការណ៍នេះ បានកើតឡើង នៅទី៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៩ ៖ ៣០ នាទី ស្ថិតនៅចំណុចឆករកា ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មឿន សុខុម ភេទស្រី អាយុ ៤៩ ឆ្នាំ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ។
ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាព ប្រើប្រាស់កាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ មូលហេតុដោយសារ មានទំនាស់ពាក្យសម្តីគ្នាពេលផឹកស៊ី ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕