(ស្វាយរៀង) ៖ ចាប់ពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ គេសង្កេតឃើញឈ្មួញវៀតណាម បានសម្រុកចូលមកទិញស្រូវខ្មែរដល់ផែស្រូវប្រឡាយទាហាន នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលក្នុងមួយថ្ងៃៗនោះ គឺមានកាណូតប៉ុកចាយធំៗ ២០ ទៅ ៣០ គ្រឿង ចូលមកដឹកស្រូវ ចេញទៅប្រទេសវៀតណាម ចាប់ពីទៅ ០៤ ពាន់ទៅ ០៥ ពាន់តោន ក្នុងមួយថ្ងៃ ខណៈស្រូវឡើងជាងឆ្នាំមុនៗ ។
បើតាម លោក គឹម សម្បត្តិ ហៅ យ៉ែង ជាឈ្មួញទិញស្រូវ នៅស្រុកកំពង់រោទិ៍ ដែលនាំស្រូវយកទៅលក់ឱ្យឈ្មួញវៀតណាម នាពេលថ្មីៗនេះ បានឱ្យដឹងថា ពួកគាត់សប្បាយចិត្តខ្លាំងណាស់ដោយចាប់ពីស្រូវវស្សា មកដល់ពេលបច្ចុប្បន្ននេះ តម្លៃស្រូវមាននៅតម្លៃល្អគួរសម គឺតម្លៃនៅតែខ្ពស់ ហើយឈ្មួញវៀតណាម ចូលមកទិញស្រូវខ្មែរយើងដល់ផែតែម្តង ។
លោក បានបន្តទៀតថា ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មកនេះ ស្រូវមានការធ្លាក់ថ្លៃបន្តិចក៏ពិតមែន ប៉ុន្តែតម្លៃស្រូវនៅតែបានថ្លៃគួរសម បើប្រៀបធៀបទៅឆ្នាំមុនៗនោះ ដែលប្រភេទស្រូវ ៥៤ (បាយទុន) លក់ចេញបាន ០១ គីឡូ ១.១៨០ រៀល ហើយស្រូវ ៥១ (បាយរឹង) វៀតណាមទិញក្នុង ០១ គីឡូក្រាម តម្លៃ ១.០៨០ រៀល ។ ចំណែកស្រូវក្រអូប ដូចជា ស្រូវផ្កាម្លិះ ស្រូវផ្ការំដួល និងស្រូវសែនក្រអូប គឺអត់មានទេ ។
លោក បានឱ្យដឹងទៀតថា ចាប់ពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ តម្លៃស្រូវមានការឡើង ហើយហេតុដែលស្រូវធ្លាក់ថ្លៃបន្តិចនោះ អាចមកពីខាងឈ្មួញវៀតណាម ពុំទាន់មានកុងត្រាតាមបណ្តាលប្រទេស ដែលទទួលទិញ មួយវិញទៀត នៅប្រទេសវៀតណាមគេដល់រដូវច្រូតស្រូវរបស់គេផងដែរ ។
ឈ្មួញវៀតណាមដែលជាអ្នកទិញ បានឱ្យដឹងថា ស្រូវ អង្ករខ្មែរ មានគុណភាពខ្ពស់ លក់ចែកចាយ ក្នុងប្រទេសវៀតណាម សម្រាប់ប្រជាជនបរិភោគ ។ ចំណែកអង្ករវៀតណាម សម្រាប់នាំចេញទៅក្រៅប្រទេស ។
ប្រភព បន្តថា ជាមធ្យម បច្ចុប្បន្នឈ្មួញនាំស្រូវចេញទៅប្រទេសវៀតណាម ក្នុងមួយថ្ងៃ ចាប់ពី ០៣ ពាន់តោន ទៅ ០៤ ពាន់តោន ។ ក្នុងខេត្តស្វាយរៀង បានច្រូតកាត់ប្រមូលផលបណ្តើរៗ ហើយចំពោះស្រូវនារដូវប្រាំងដែលកំពុងនាំចេញពេលនេះ គឺមាននាំមកពីបណ្តាខេត្តនានា ទាំង ២៥ ខេត្តក្រុង ។
ជាមួយគ្នានេះដែរ លោក គឹម សម្បត្តិ ហៅ យ៉ែង បានអំពាវនាវដល់ប្រជាកសិករខ្មែរ បន្តខិតខំធ្វើស្រែចម្ការបន្ថែម ហើយរក្សានូវបច្ចេកទេសឱ្យបានល្អ ចៀសវាងធ្វើប្រើជីគីមីច្រើន ព្រោះឥឡូវស្រូវខ្មែរមានតម្លៃខ្ពស់ខ្លាំង បើប្រៀបធៀបប៉ុន្មានឆ្នាំមុននោះ ៕