ផ្សាយចេញពី៖ ក្រុងបាត់ដំបង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ | គេហទំព័រ សាយ ប៉ូច ហតញូស៍ Say Pouch Hot News | ទំនាក់ទំនង 012 732 712 / 098 2 732 712
(បន្ទាយមានជ័យ) ៖ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វីលៀម ចិន (ហុង) ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ ០១ គ្រឿង ម៉ាក Zoomer-X ពណ៌ក្រហម ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1HG-3749 ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា បើតាមការរៀបរាប់របស់ដើមបណ្ដឹងថា ខ្លួនបានបើកហាងលក់បាយមួយកន្លែង នៅម្តុំក្រោយសាលារៀនមនោរម្យ ស្ថិតក្នុងក្រុងប៉ោយប៉ែត ហើយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យបានមកសុំការងារធ្វើ ពេលនោះខ្លួនក៏ទទួល ពេលចូលធ្វើការរហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៥ ៖ ៣០ នាទី ជនសង្ស័យបានសុំខ្ចីម៉ូតូរបស់ខ្លួន ម៉ាក Zoomer-X ពណ៌ក្រហម ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1HG-3749 ប្រាប់ថា ទៅទិញម្ហូបមួយភ្លែត តែរូបខ្ញុំមិនបានឱ្យទេ មួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យលួចយកម៉ូតូជិះទៅបាត់ ហើយមិនឃើញត្រឡប់មកវិញទេ ហើយខ្លួនព្យាយាមទាក់ទងតាមទូរសព្ទក៏មិនចូលដែរ ទើបខ្លួនសម្រេចមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១១ ៖ ៣០ នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជ្រុន សុផាត (ពោល) ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិរស្មីសាមគ្គី ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាង រួមមាន៖ ទី១.ម៉ូតូម៉ាកហុងដា Zoomer-X ពណ៌ក្រហម ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1HG-3749 ចំនួន ០១ គ្រឿង ដែលជាម៉ូតូរបស់ជនរងគ្រោះ ទី២.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន ០១ គ្រឿង រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ចំណែកម៉ូតូ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើមវិញ ដោយឡែកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ ត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់ម៉ូតូ ៕