(ភ្នំពេញ) ៖ សមត្ថកិច្ច កំពុងស្វែងរកជនបង្ក ក្នុងករណីអ្នកបើករថយន្តបុកម៉ូតូមួយគ្រឿង នៅចំណុចផ្លូវ៦០ម៉ែត្រ បណ្តាលឱ្យមនុស្សជិះចំនួន ៣នាក់ស្លាប់ និងរងរបូសធ្ងន់ស្រាល (ឪពុក និងកូនប្រុសរបួស កូនស្រីស្លាប់យ៉ាងអាណោចអាធម្ម)។
លោកវរសេនីយ៏ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជអានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវជាបន្ទាន់ ករណីរថយន្តភីគអាប់ ពណ៌ស ដែលបើកបរក្នុងល្បឿនលឿនទៅបុកម៉ូតូមួយគ្រឿងពីក្រោយខណៈកំពុងដឹកកូន២នាក់ បណ្តាលឱ្យស្លាប់ និងរងរបួសធ្ងន់ស្រាល។ សមត្ថកិច្ចក៏បានអំពាវនាវដល់ជនបង្ក ចូលខ្លូនមកសារភាព ក្នុងករណីមិនចូលខ្លួនមកទទួលខុសត្រូវនូវចំពោះមុខសមត្ថកិច្ចទេ ក៏មិនអាចរត់គេចខ្លួនពីសំណាញ់ច្បាប់បានដែរ ដោយសមត្ថកិច្ចស្រាវជ្រាវរកទាល់តែឃើញ។
សូមបញ្ជាក់ថា កាលពីនៅវេលាម៉ោងប្រមាណ ៩:៣៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខបង្គោលគីឡូម៉ែត្រលេខ៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងថ្ងៃចូលឆ្នាំចិនថ្ងៃទី២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមួយបាំងកន្លះពណ៌សមិនចាំស្លាកលេខបើកលឿនដូចហោះ បុកពីក្រោយម៉ូតូរបស់ជនរងគ្រោះខ្ទាតបោកនឹងថ្នល់ និងអូសទាំងមនុស្ស និងម៉ូតូឡើងលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរបួសកូនស្រីធ្ងន់ធ្ងរ និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯឪពុករងរបួសធ្ងន់ និងកូនប្រុសតូចរបួសមធ្យម ចំណែករថយន្តមិនបន្ថយល្បឿនកិនអូសម៉ូតូទៅកល់ជាប់ពំនូកខ្សាច់ខ្ទេចខ្ទីស្ទើរទាំងស្រុង ហើយបន្ថែមល្បឿនបើករត់បាត់ស្រមោលតែម្តង៕