(ភ្នំពេញ) ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងមួយកន្លែង ដែលមានបង្កប់ល្បែងសុីសង ដូចជា មាន់ជល់ បៀរការ៉ាត់ បាល់អនឡាញ និងឃាត់បានមនុស្សប្រុសស្រី ២៣នាក់ ម៉ូតូចំនួន១៦គ្រឿង និងកង់បីឥណ្ឌាចំនួន៤គ្រឿង។
ក្នុងប្រតិបិត្តការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង ៧យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ ១៤៤ កែងផ្លូវ ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលដែលចុះប្រតិបត្តិការ បានឲ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍និងសំណូមពរពីប្រជាពលរដ្ឋ ថាទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ប្រមូលផ្ដុំមនុស្ស ក្មេងចាស់ប្រុសស្រីទាំងយប់ទាំងថ្ងៃ បង្កភាពអសន្តិសុខ ធ្វើឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរនោះមានការភ័យខ្លាច ពីសំណាក់ក្រុមអ្នកញៀនល្បែងទាំងនេះ។ ដូច្នេះកម្លាំងជំនាញព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សដកហូតវត្ថុតាងជាក់ស្ដែងតែម្ដង។
ជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរទីតាំងនោះបានឲ្យដឹងថា ទីតាំងនេះបើកបង្កប់ល្បែងស៊ីសងយូរណាស់មកហើយ ដែលស្ថិតនៅទល់មុខ និងសង្កាត់ផ្សារកណ្ដាល១ តែម្ដង ដោយគ្មានខ្លាចញញើតអាជ្ញាធរនោះឡើយ។
បច្ចុប្បន្ន មនុស្សប្តុសស្រីចំនួន ២៣នាក់ រួមទាំងម៉ូតូ កង់បីឥណ្ឌា និងវត្ថុតាងមួយចំនួន ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕