(ព្រៃវែង) ៖ កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់លើដី) នៅស្រុកស៊ីធរកណ្ដាល ឃាត់ខ្លួនមនុស្ស ៥នាក់ រួមនឹងវត្ថុតាងមាន់ជល់ និងឧបករណ៍សម្ភារជាច្រើន បញ្ជូនមកស្នងការដ្ឋានគរបាលខេត្តព្រៃវែង។
ប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ ធ្វើឡើងនៅវេលាម៉ោង ១៣ និង ១៥នាទីរសៀល ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅចំណុចចម្ការស្វាយមួយកន្លែង ស្ថិតនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
ជនសង្ស័យទាំង ០៥នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១ មានឈ្មោះ វិន មករា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល, ទី២ ឈ្មោះ ឈិន ហ៊ាញ ភេទប្រុស អាយុ ៥៨ឆ្នាំ អ្នកទាំងពីររស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល, ទី៣ ឈ្មោះ ចែត្រ ខុម ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិឡាំឡូង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល, ទី៤ ឈ្មោះ ជាម ឡាយ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិព្រៃកណ្ដៀង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង និងទី៥ ឈ្មោះ អ៊ាន វាសនា (ហៅពៅ ហៅដុល្លារ) ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
វត្ថុតាង និងសម្ភារចាប់យករួមាន រថយន្ត ១គ្រឿង, ម៉ូតូ ៥គ្រឿង, មាន់ជល់ ៧ក្បាល, ស៊ុមក្រុងមាន់ ១៦ស៊ុម, ឧបករណ៍សម្រាប់លេងអាប៉ោង ១ឈុត, ជញ្ជីងថ្លឹងមាន់ ១គ្រឿង, ស្កុតរំខ្នាយមាន់ ១ដុំ, កៅអីជ័រចំនួន ២០, ធុងទឹកកក ១, តុដែក ១ និងឆ្នាំងបាយចំនួន ១ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាង នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ៕