(ភ្នំពេញ) ៖ បុរស ០២ នាក់ ជិះម៉ូតូ ០១គ្រឿង ឌុបគ្នាចូលទៅម៉ាស្សាដើម្បីឱ្យស្រួលខ្លួន រួចក៏មានទំនាស់ពាក្យសម្តីនឹងនារីម៉ាស្សា ព្រោះមិនឱ្យលុយ បែរជាជិះម៉ូតូទៅយកដំបង និងដែកថ្នាំងអំពៅ មកចូលវាយទៅលើនារីម៉ាស្សា បណ្តាលឱ្យរងរបួស តែត្រូវខាងភាគីនារីម៉ាស្សា វាយបកទៅវិញ បណ្តាលឱ្យរងរបួសធ្ងន់ ឈាមស្រោចខ្លួន ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើង កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្បែរវត្តនាគវ័ន ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងគេឃើញបុរស ០២ នាក់ បានជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ០១ គ្រឿង មិនចាំផ្លាកលេខ ជិះឌុបគ្នាមកចូលម៉ាស្សា ក្នុងហាងមួយកន្លែង ក្បែរវត្តនាគវ័ន្ត ក្រោយមកបុរសទាំង ០២ នាក់ ក៏បានទាស់ពាក្យសម្តីជាមួយនារីម៉ាស្សា ព្រោះតែឱ្យលុយមិនគ្រប់ ដោយមានលុយត្រឹមតែ ០២ ម៉ឺនរៀល ហើយបង្ខំឱ្យនារីម៉ាស្សារួមភេទជាមួយ តែដោយតម្លៃរួមភេទ ចំនួន ១០ ដុល្លារ ពេលរួមភេទហើយ បុរសទាំង ០២ នាក់នោះ ឱ្យលុយមិនគ្រប់ ក៏មានការទាស់ពាក្យសម្តីនឹងនារីម៉ាស្សា បង្កទៅជាហិង្សាវាយគ្នាទៅវិញទៅមក បណ្តាលឱ្យភាគីខាងនារីម៉ាស្សា រងរបួសធ្ងន់ស្រាល ០៣ នាក់ ចំណែកបុរស ០២ នាក់នោះ បានរងរបួសឈាមស្រោចខ្លួន ព្រោះខាងនារីម៉ាស្សា វាយសំពងបកមកវិញ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការឃាត់បុរសទាំង ០២ នាក់នោះ និងនារីម៉ាស្សាម្នាក់ យកទៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់ទី២ ដើម្បីសួរនាំបន្ត និងឱ្យភាគីសងខាង ដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់ ៕