(បន្ទាយមានជ័យ) ៖ រឿងរ៉ាវមួយស្ទើរតែគួរឱ្យមិនជឿ ព្រមទាំងមិនដែលមានសោះ ខណៈស្ត្រីជាម្តាយបង្កើតបានសមគំនិតជាមួយប្ដីចុងឱ្យមករំលោភសេពសន្ថវៈទៅលើកូនស្រីបង្កើតរបស់ខ្លួន ដែលមានអាយុទើបតែ ០៧ ឆ្នាំ តែប៉ុណ្ណោះ នៅក្នុងខ្ទមចាំចម្ការ ហើយថែមទាំងមានបំណងទម្លាក់កំហុសទៅលើម្ចាស់ចម្ការទៀត ប៉ុន្តែរឿងនេះបែកធ្លាយ ហើយត្រូវនគរបាលចាប់ខ្លួនតែម្ដង ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់ឱ្យដឹងថា ជនសង្ស័យជាឪពុកចុងខាងលើនេះមានឈ្មោះ ចោង វន ភេទប្រុស អាយុ ៣៧ ឆ្នាំ និងម្ដាយឈ្មោះ ទួត តៃ ភេទស្រី អាយុ ៣២ ឆ្នាំ ជាអ្នកស៊ីឈ្នួលចាំចម្ការឱ្យគេ រស់នៅភូមិស្រឡៅជ្រំ ឃុំពង្រ ស្រុកម៉ាឡៃ បានចោទប្រកាន់ម្ចាស់ចម្ការថា «រំលោភសេពសន្ថវៈទៅលើកូនស្រីរបស់ខ្លួន» ព្រោះតែចង់បានលុយពីម្ចាស់ចម្ការ ។ ប៉ុន្ដែទីបំផុត ករណីនេះ ត្រូវម្ចាស់ចម្ការបានឮដំណឹងនេះពីអ្នកជិតខាងភ្លាម ក៏ដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាល ដោយចោទប្រកាន់ ០២ នាក់ ប្ដីប្រពន្ធនេះ ពីបទ «បរិហារកេរ្តិ៍» ។
អធិការនគរបាលស្រុកម៉ាឡៃ បានឱ្យដឹងបន្តថា ក្រោយមកនគរបាលប៉ុស្តិ៍ បានហៅឈ្មោះ ចោង វន ជាប្ដី និងឈ្មោះ ទួត តៃ ជាប្រពន្ធ មកសួរនាំ ទើបទទួលចម្លើយសារភាពដោយខ្លួនឯង ។ ដោយបានសារភាពថា «ម្ចាស់ចម្ការមិនបានរំលោភទេ គឺខ្លួន (ឪពុកចុង) ជាអ្នករំលោភបានសម្រេចចំនួន ៤ដង» ។ ហើយចំពោះការរំលោភម្តងៗ គឺប្រពន្ធរបស់ខ្លួនត្រូវជាម្តាយក្មេងស្រីរងគ្រោះ ក៏នៅដេកលើគ្រែជាមួយគ្នា ០៣ នាក់ ផងដែរ គឺមិនបានហាមឃាត់ខ្លួននោះឡើយ» នេះគឺពិតជាម្ដាយអគតិបំផុត ស្ទើរតែមិនគួរឱ្យជឿឡើយថា អាចមានរឿងបែបនេះឡើង ។
លោកអធិការ បានបន្តថា បើតាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះវិញ បានប្រាប់សមត្ថកិច្ចថា «បុរសជាឪពុកចុងរូបនេះ បានចាប់នាងជាច្រើនលើក គឺតាំងពីឆ្នាំមុន ហើយការរំលោភម្តងៗ ម្តាយរបស់នាងក៏នៅដែរ តែគាត់មិនដែលហាម ឬទៅប្តឹងសមត្ថកិច្ចនោះឡើយ» ។
លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា ដោយផ្អែកទៅលើចម្លើយសារភាពរបស់ជនសង្ស័យ និងការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ជនសង្ស័យ ០២នាក់ ប្ដីប្រពន្ធ ត្រូវបានចាប់ឃាត់ខ្លួន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕