ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនក្រុមក្មេងទំនើងទាំង ៣នាក់ តាំងពីខេត្តស្វាយរៀងដល់ខេត្តកំពត ដោយបញ្ជូនទៅតុលាការខេត្ត

(ស្វាយរៀង) ៖ សមត្ថកិច្ច​ខេត្តស្វាយរៀង ​បាន​តាម​ប្រ​មា​ញ់​ក្រុម​ក្មេង​ទំនើងមួយក្រុម​ ដែល​ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ និង​មាន​ដំបង​ដេញ​វា​យប្រជាពលរដ្ឋ​ ចំនួន​ ០២​ នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។

ហេតុ​ការ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហើយ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​ដល់​ខេត្តកំពត​ ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តស្វាយរៀង​ សហការ​ជាមួយ​សមត្ថកិច្ច​នគ​បាល​ខេត្តកំពត ចាប់ខ្លួន​បាន​បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធីច្បាប់ ។ បន្ទាប់​មកចៅក្រម​នៃ​សាលាដំបូង​ខេត្ត​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែមក​រា​ ឆ្នាំ២០២៤ ។

បើ​តាម​មន្ត្រី​នគរបាល​ការិយាល័យ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង ក្នុង​ការ​ចូលរួម​លុប​បំបាត់​ក្រុម​ក្មេង​ទំនើង​ នៅ​ទូ​ទាំង​ខេត្តស្វាយរៀង និង​ដឹកនាំ​អនុវត្ត​ដោយ​ លោក​ឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ស្វាយ​ជ្រំ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង និង​មានការ​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ឈូក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​មុខសញ្ញា​ក្មេង​ទំនើង​ ចំនួន​ ០៣ ​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ដេញ​វា​យ​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ល្វា ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

តាមប្រភព​ពីបងប្អូនប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ក្រុម​ក្មេង​ទំនើងមួយក្រុម មាន​គ្នា​ ០៤​ នាក់ ជិះ​ម៉ូតូឌុប​គ្នា​០២ ​គ្រឿង​ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ និង​បាន​ដេញ​វា​យ​ទៅ​លើ​ជន​រង​គ្រោះ​ ចំនួន ០​២​ នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ។ បង្ក​ឱ្យ​ជន​រង​គ្រោះភ័យ​ ជិះ​ម៉ូតូដួល​បណ្តាល​ឱ្យ​រង​របួសស្រាល ក៏​ប៉ុន្តែ​ខូច​ម៉ូតូ​ធ្ងន់ ក៏​បាន​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ទើប​ក្រុម​ជន​បង្ក​ដឹងខ្លួន​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​រហូត​ដល់​ខេត្តកំពត ។ ក៏ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​អស់​រយៈពេល​ ០៦ ​ថ្ងៃ ​ទើប​ចាប់​ឃាត់ខ្លួន​បាន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ក្មេង​ទំនើង​ទាំង​ ០៣ នាក់ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​បង្ហោះ​ម៉ូតូ និង​ដេញ​វា​យ​ជន​រង​គ្រោះ​យ៉ាងពិតប្រាកដ​មែន​ ។

បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង​ទាំង​ ០៣ ​នាក់ បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ហើយចៅក្រម​បាន​ចេញ​ដីកាឃុំខ្លួន​ជន​បង្ក​ទាំង ​០៣ ​នាក់ ដាក់​ពន្ធនាគារ​ខេត្តស្វាយរៀង​រួច​ហើយ ចំណែកឯ​ម្នាក់​ទៀត​ គ្រាន់តែរួម​ដំណើរ​ត្រូវបាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *