ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអភិបាលថ្មីនៃខណ្ឌមានជ័យ ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេស ជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន

(ភ្នំពេញ) ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញដល់អភិបាលថ្មីនៃខណ្ឌមានជ័យ ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេស ជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន។

ការជំរុញនេះ បានធ្វើឡើងខណៈដែលលោក ឃួង ស្រេង បានចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសលោក សេង គន្ធ ឱ្យចូលកាន់តំណែងជាអភិបាលថ្មីនៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នៅសាលាខណ្ឌមានជ័យ។

លោក ឃួង ស្រេង បានថ្លែងការកោតសរសើរចំពោះមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកន្លងមកបានយ៉ាងល្អ។ លោក បានបញ្ជាក់ថា ការតែងតាំងនេះ គឺធ្វើឡើងជាធម្មតារបស់មន្ត្រីរាជការស៊ីវិល ជាក់ស្ដែងការតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យថ្មី ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ នេះ ជារឿងធម្មតា ដើម្បីជំរុញឲ្យមានប្រសិទ្ធភាពការងារ កាន់តែល្អប្រសើរថែមទៀត។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា “អភិបាលខណ្ឌ បើទោះបីជាពូកែយ៉ាងណាក៏ដោយ បើមិនមានការចូលរួមសហការពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ទេ គឺមិនអាចទទួលបានជោគជ័យលើកិច្ចការងារបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឡើយ។ ដូច្នេះ ត្រូវតែសហការជាមួយគ្នាឱ្យបានខ្លាំងក្លាទើបសម្រេចបានលទ្ធផលល្អប្រសើរ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំគេ ត្រូវតែចេះកោតសរសើរ និងចេះដាក់ពិន័យចំពោះមន្ត្រីដែលអនុវត្តខុស។ ធ្វើមេកើយរបស់គេ ដាច់ខាតមិនត្រូវមានគំនិតគុំកួននោះទេ ។ កុំយកតាមពាក្យស្លោកមួយថា ទឹកឡើងត្រីស៊ីស្រមោច ទឹកខោចស្រមោចស៊ីត្រី ឱ្យសោះ ព្រោះកើតជាមនុស្ស នរណាក៏កំហុសឆ្គងដែរ។”

លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យលោក សេង គន្ធ ដែលជាអភិបាលខណ្ឌមានជ័យថ្មី យកអស់កម្លាំងកាយចិត្ត អស់ចំណេះដឹងនិងឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំខណ្ឌមានជ័យឲ្យទទួលបានលទ្ធផលល្អប្រសើរ ពិសេសគឺអនុវត្តតាមអាទិភាពទាំង ៦ និងគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានណែនាំដល់អភិបាលខណ្ឌ ត្រូវផ្ដល់កិច្ចសហការគ្រប់ថ្នាក់ គ្រប់ស្ថាប័ន ដើម្បីបម្រើប្រជាពលរដ្ឋ ពិសេសបគឺការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយអនុវត្តតាមគោលនយោបាយឈ្នះ ឈ្នះ គឺឈ្នះទាំងសងខាង៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *