(កំពង់ឆ្នាំង) ៖ ប្រហិតខុសច្បាប់ជាង ០២ តោន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់បានកាលពីវេលាម៉ោង ០១ ៖ ៣០ រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៧១ និង៧២ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកវត្ថុតាងខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី ។
លោក នួន សុភក្តី នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលរបស់ លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចស្ទាក់ចាប់បានរថយន្ត ម៉ាកធុនដ្រា ០១ គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-9649 ដែលដឹកប្រហិតចម្រុះជាង ០២ តោន ចេញពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ ។
ក្នុងករណីខាងលើនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តមានឈ្មោះ ពេជ្រ ភារម្យ មានទីលំនៅភូមិបាណន់ ស្រុកសង្កែ ខេត្តបាត់ដំបង និងព្រូររថយន្តម្នាក់ទៀត ។ ចំពោះវត្ថុតាង និងមនុស្ស ០២ នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តបន្តតាមនីតិវិធី ។
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការដឹកជញ្ជូនប្រហិតចម្រុះខាងលើនេះ គឺខុសច្បាប់ដែលបានហាមឃាត់ការដឹកជញ្ជូន និងលក់នៅលើទីផ្សារជាដាច់ខាត ។
សូមបញ្ជាក់ថា សមត្ថកិច្ច និងមន្ត្រីជំនាញ បានយកសាច់ប្រហិតទាំងនោះ ទៅធ្វើការដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ៕