(បាត់ដំបង) ៖ ដោយចូលរួមអនុវត្តតាមយុទ្ឋនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិចទេ» របស់ក្រសួងបរិស្ថាន នាយិកាសាលាបឋមសិក្សាសម្តេច ជា ស៊ីម ដែលស្ថិតនៅភូមិបែកចានថ្មី សង្កាត់ព្រែកស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្តេជ្ញាមិនប្រើប្រាស់ប្លាស្ទិក និងមិនឱ្យមានផ្លាស្ទិកក្នុងសាលារៀនទៀតទេ ទោះជាសាលារៀនមួយនេះ បានបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ដបប្លាស្ទិក ចានប្លាស្ទិក និងសម្ភារផលិតពីប្លាស្ទិកដទៃទៀត ដោយអនុវត្តបាន ៨០ភាគរយ ហើយក៏ដោយ តាំងពីឆ្នាំ២០១៨។
លោកស្រី ឃន យ៉ារ៉ាប់ នាយិកាសាលាបឋមសិក្សាសម្តេច ជា ស៊ីម បានអះអាងថា ចាប់ពីយុទ្ឋនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិចទេ» របស់ក្រសួងបរិស្ថាន រហូតដល់បច្ចុប្បន្ន សាលារៀនមួយនេះអនុវត្តការមិនឱ្យមានការប្រើប្រាស់ប្លាស្ទិកនៅក្នុងទីធ្លាសាលារៀន និងមុខសាលាបាន ១០០ភាគរយ តែម្តង។
ទាក់ទងនឹងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិចទេ» លោក កត បូរាន ប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង បានជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅគ្រប់សាលារៀនទាំងអស់នៅតាមមូលដ្ឋាន។ ជាក់ស្តែងកាលពីទី២៣ ខែធ្នូ ឆ្នាំ២០២៣ មានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួនជាង ២ពាន់នាក់ នៅសាលាបឋមសិក្សាសម្តេច ជា ស៊ីម បានប្តេជ្ញាចិត្ត ជាលើកទី២ថា «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដើម្បីរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជាឱ្យមានភាពស្អាត។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនឹងមន្ត្រីរាជការពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា លោកនាយកសាលា តំណាងអាជ្ញាធរមូលដ្ឋានមួយចំនួន នៅក្រុងបាត់ដំបង បានចូលរួមក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ ១កញ្ញា ដោយផ្តោតលើការប្តេជ្ញាចិត្តឈានទៅការកាត់បន្ថយថង់ប្លាស្ទិកទាំងស្រុងនៅកម្ពុជា នៅពេលអនាគត ដោយចាប់ផ្តើមពីសិស្សានុសិស្ស និងសកម្មភាពជាក់ស្តែង បានរៀបចំឡើងនៅតាមគ្រឹះស្ថានសិក្សានានានៅក្នុងខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់មន្ទីបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៃយុទ្ឋនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិចទេ» រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ មានសាលារៀនចូលរួមចំនួន១៤៤, លោកគ្រូអ្នកគ្រូចំនួនជិត ៣ពាន់នាក់, សិស្សានុសិស្សចំនួនជាង ៦ម៉ឺននាក់, មន្ត្រីរាជការ និងប្រជាពលរដ្ឋចំនួន ៩១៧នាក់, ស្រុកចំនួន១១, សាលារៀនឯកជនចំនួន៥, អង្គការចំនួន១, រោងចក្រចំនួន១, និងសហគមន៍ចំនួន ១កន្លែង បានចូលរួម និងប្តេជ្ញាមិនប្រើប្រាស់ប្លាស្ទិក៕