(ស្ទឹងត្រែង) ៖ កម្លាំងឆ្មាំទន្លេ អភិរក្សសត្វផ្សោតប៉ុស្តិ៍ត្បូងខ្លា ប៉ុស្តិ៍កោះសំពាយ ប៉ុស្តី៍កោះជ្រឹម ព្រមទាំងសហការណ៍ជាមួយសហគមន៍ បានចុះល្បាតទប់ស្កាត់បទល្មើសជលផល នៅអន្លង់អភិរក្សសត្វផ្សោតត្បូងខ្លា និងកោះសន្ទក់ បានដកហូតមង និងនេសាទុបករណ៍ជាច្រើនដែលក្រុមអ្នកនេសាទ បានលួចដាក់ចាប់ត្រីនៅក្នុងតំបន់អភិក្ស ។ នេះបើយោងតាមមន្ត្រីជលផល បានឱ្យដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ ។
លោក ស្រី សមវិចិត្រ នាយខណ្ឌជលផលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ឧបករណ៍នេសាទដែលដកហូតពីក្រុមអ្នកនេសាទ មានមង ០៩ ត្បូង ក្រឡា១០-១២,១៤ សង់ទីម៉ែត្រ ដែលមានប្រវែង ៤៥០ ម៉ែត្រ ដកហូតសន្ទូចរនង ចំនួន ០២ ខ្សែប្រវែង ១៤០ ម៉ែត្រ ស្មើ ១១២ ផ្លែ ។
លោក បន្តថា ការដកហូតនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគ្រាដែលកម្លាំងឆ្មាំទន្លេ សហការជាមួយកម្លាំងសហគមន៍ ចុះល្បាតក៏ប្រទះឃើញឧបករណ៍នេសាទទាំងនោះត្រូវបានលួចដាក់នៅក្នុងតំបន់ហាមឃាត់ ។
លោក បន្តឱ្យដឹងទៀតថា តំបន់ហាមឃាត់ ជាតំបន់ក្រហម ត្រូវបានហាមឃាត់ដាច់ខាត់នូវឧបករណ៍នេសាទគ្រប់ប្រភេទ ព្រោះតំបន់នេះជាកន្លែងត្រីមេពូជរស់នៅ និងជាកន្លែងដែលសត្វផ្សោតរស់នៅផងដែរ ។
សូមបញ្ជាក់ថា តំបន់អភិក្សត្រីមេពូជ មិងតំបន់អភិក្សសត្វផ្សោត ជាតំបន់ដែលសំបូរទៅដោយត្រីធំៗ ហេតុដូច្នេះទើបក្រុមអ្នកនេសាទ តែងតែលួចទៅប្រព្រឹត្តបទល្មើសជលផលនៅទីនោះ ។
ទន្ទឹមនឹងនេះ នាយខណ្ឌជលផល ក៏អំពាវនាវដល់ក្រុមអ្នកនេសាទទាំងអស់ កុំទៅនេសាទនៅទីនោះ ព្រោះអាចបណ្តាលឱ្យវិនាសធនធានធម្មជាតិផង និងបណ្តាលឱ្យមានទោសទណ្ឌដល់ខ្លួនថែមទៀត ៕