សង្ឃឹមថាអត្ថបទមួយនេះ នឹងអាចជួយបងប្អូនយល់ដឹងបន្ថែមអំពីមេរៀនអវកាស ក៏ដូចជាជួយអោយបងប្អូនស្គាល់កាន់តែច្បាស់ថាអ្វីទៅជាប្រហោងខ្មៅ(blackhole)ពិតប្រាកដ ដែលមិនមែនជាប្រហោងខ្មៅឆ្អឹងកងគូទរឺឆ្អឹងរន្ធគូទស្អីនោះ
ឆ្លងកាត់តាមការរៀនសូត្រក៏ដូចជាការស្រលាញ់ចូលចិត្តវិទ្យាសាស្រ្តអវកាសជិត២០ឆ្នាំរបស់ខ្ញុំ ខ្ញុំសូមចែករំលែកចំណេះដឹងដូចខាងក្រោម ~
ប្រហោងខ្មៅ វាកើតចេញពីបន្ទុះផ្កាយដ៏ធំមហិមាណាមួយ រឺយើងអាចហៅបានថា ‘សូពើណូវ៉ា’ ហើយដែនម៉ាញ៉េទិចនៃខ្មោចផ្កាយដ៏ធំសម្បើមបានទាញបង្ហាប់ម៉ូលេកុល ធូលី កំដៅ ពន្លឺ រហូតក្លាយជាអាតូមតូចល្អិត ល្អិតរហូតមិនអាចមើលឃើញ។ កម្លាំងទំនាញដ៏មហាធំសម្បើមនេះឯងបានទាញកួចរាល់របស់អ្វីៗដែលក្បែររឺរងកម្លាំងទំនាញពីវា អោយគួចរឺសូម្បីលំហពេលវេលាក៏កោងនឹងមិនអាចកំណត់វេលាបានឡើយ។ វាមានឥទ្ធិពលអាចលេបត្របាក់ ភព ព្រះចន្ទ័ ផ្កាយ កាឡាក់សុី រឺសូម្បីតែពន្លឺក៏មិនអាចរត់ពីវារួចឡើយ។ ជាធម្មតាបន្ទុះនៃផ្កាយយក្ស(ព្រះអាទិត្យ) ដែលអាចបង្កើតប្រហោងខ្មៅបានលុះត្រាតែមានទំហំធំជាងព្រះអាទិត្យយើងពី១០ដងឡើងទៅ ដោយយើងដឹងហើយថាព្រះអាទិត្យយើងសព្វថ្ងៃនេះអាចដាក់ផែនដីយើងបានជាង១លាន អឺចឹងបើមានប្រហោងខ្មៅ មកប៉ះផែនដីមែនកុំថាឡើយរត់ទៅពួនក្នុងចម្ការម្រេច ឬឡើងលើភ្នំគូលែន គឺផែនដីទាំងមូលរួមទាំងព្រះអាទិត្យនិងភពក្បែរៗយើង(Solar Systems)ត្រូវដែនប្រហោងខ្មៅ វាយកំទេចដូចគេធ្វើម៉ាសុីនក្រឡុកគ្រឿងអីចឹង ។
បងប្អូនដឹងទេ ប្រហោងខ្មៅជិតបំផុតដែលអ្នកវិទ្យាសាស្រ្តយើងបានរកឃើញនៅក្នុងកាឡាក់សុីមីគីវេយើងនេះ គឺស្ថិតក្នុងប្រពន្ធផ្កាយ Telescopium ដែលមានចំងាយរហូតដល់ទៅជាង1ពាន់ឆ្នាំពន្លឺ ដែលមួយឆ្នាំពន្លឺគឺ 1 light-year =
9.461 × 10ស្វាយគុណ12 (រាប់ពាន់ពាន់លានគីឡូមែន ដាក់សូន្យមិនអស់ទេ )
ដោយយើងដឹងហើយថាពីផែនដីទៅភពអង្គារមានចំងាយជាង460លានKMហើយយានអវកាសរបស់យើងធ្វើដំណើរជិត២ឆ្នាំទើបទៅដល់ អញ្ចឹងបើសិនជាចង់ធ្វើដំណើរអោយបាន១ឆ្នាំពន្លឺយើងត្រូវយករយៈពេលធ្វើដំណើរទៅភពអង្គាររបស់យើងគុណនឹងជាង2ពាន់ដងទើបធ្វើដំណើរបានមួយឆ្នាំពន្លឺ ចឹងមានន័យថាត្រឹម១ឆ្នាំពន្លឺយើងត្រូវប្រើពេលវេលារាប់ពាន់ឆ្នាំទៅហើយ ចុះទម្រាំដល់ទៅជាង1ពាន់ឆ្នាំពន្លឺ? ស្រម៉ៃមិនចេញទេបងប្អូន ព្រោះមិនដឹងជាងាប់ប៉ុន្មានជាតិទៅហើយទេ។ បើប្រៀបជាមនុស្សកើតចាស់ស្លាប់ៗវិញ ឆ្អឹងមនុស្សប្រហែលចាក់គរពេញមហាសមុទ្រទៅហើយ ប្រហោងខ្មៅមិនទាន់មកដល់ផែនដីផង ។ ត្រូវចាំថាបញ្ហាប្រឈមដែលផែនដីកំពុងឈានទៅរកការវិនាសគឺមិនមែនប្រហោងខ្មៅនោះទេព្រោះវានៅឆ្ងាយសែនឆ្ងាយរាប់រយពាន់លានឆ្នាំពីយើង តែបញ្ហាដែលគួរអោយបារម្មណ៍បំផុតគឺកត្តាមនុស្ស។ មនុស្សដែលគ្មានចំណេះដឹង មនុស្សបំផ្លាញមនុស្សគ្នាឯង មនុស្សបំផ្លាញបរិស្ថាន មនុស្សបំផ្លាញធនធានធម្មជាតិ មនុស្សធ្វើសង្រ្គាមសម្លាប់គ្នាឯងប្រើអាវុធទំនើប(នុយក្លេអ៊ែរ) -លនិងល-។ បញ្ហាទាំងអស់នេះទេទើបគម្រាមដល់ពូជពង្សមនុស្សពិតប្រាកដ ស្រួលមិនស្រួលដាច់ពូជមុនរលាយផែនដីផង។ សន្ទុះមនុស្សកាន់តែកើនរៀងរាល់ថ្ងៃ(ជិត៧ពាន់លាននាក់ឆ្នាំ2021) កង្វះស្បៀងអាហារ កង្វះដីដាំដុះ កង្វះអនាម័យ(មេរោគថ្មីកើតរាល់ឆ្នាំ) កង្វះទឹកស្អាត និងសំខាន់បំផុតអនាគតមនុស្សនឹងកង្វះធនធានធម្មជាតិដូចជារ៉ែ ប្រេង ឥន្ធនៈ ធ្យូងថ្ម… ព្រោះស្នូលផែនដីនឹងផលិតលែងទាន់នូវឧស្ម័នទាំងនោះដោយសារតម្រូវការយ៉ាងលើសលុបពីមនុស្សរាប់ពាន់លាននាក់លើផែនដី។ ដោយសារបែបនេះហើយទើបអ្នកវិទ្យាសាស្រ្តព្យាយាមបង្កើតប្រភពថាមពលធម្មជាតិថ្មីៗដែលមិនប៉ះពាល់ផែនដីដូចជា ថាមពលខ្យល់ ថាមពលសូឡា ថាមពលវារីអគ្គីសនីជាដើម។ ដូចនេះសរុបមកវិញបងប្អូនមិនបាច់បារម្មណ៍រឿងប្រហោងខ្មៅទេ គួរបារម្មណ៍ពីរឿងហោប៉ាវ បាយម្ហូបប្រពន្ធកូន វិញល្អជាង ហើយបើអាចសូមងាកមកចាប់អារម្មណ៍រឿងបរិស្ថានយើងទៀត កាន់តែប្រសើរ។
ខ្ញុំពន្យល់ប៉ុណ្ណោះសង្ឃឹមថាជួយបងប្អូនបានយល់ខ្លះពី ប្រហោងខ្មៅ អ្វីខ្ញុំពន្យល់នេះគ្រាន់តែប្រៀបធៀបឳ្យងាយយល់ប៉ុណ្ណោះ។ សូមបងប្អូនព្យាយាមអានឳ្យបានច្រើនទើបកាន់តែច្បាស់ កុំជឿតាមការឃោសនាផ្តេសផ្តាស យើងរៀនដើម្បីមានបញ្ញាគិត។ ថាយាយតាចាស់ៗទៅគាត់មិនសូវបានរៀនជ្រៅជ្រះ តែយើងជាយុវជន ត្រូវចេះស្វែងរកព័ត៌មានវិទ្យាសាស្រ្តមកបញ្ជាក់។