អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចម្រុះចុះអនុវត្តវិធានរដ្ឋបាលរុះរើលំនៅឋានប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅលើដី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត !!
ក្រុងប៉ោយប៉ែត៖នៅថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមាន ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត បាន ដឹកនាំក្រុមការងារ ចម្រុះ ចុះអនុវត្តវិធានរដ្ឋបាលរុះរើ ផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅ ក្នុងដីកម្មសិទ្ធិរបស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត នៅខាងត្បូងមណ្ឌលសុំចតក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ ផងដែរថា អាជ្ញាធរក្រុងប៉ោយប៉ែត បានចេញ សេចក្ដីជូនដំណឹង ស្ដីពីការរុះរើរលំនៅឋាន ដែលបានសាងសង់នៅលើដីរដ្ឋ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត ចំនួន២លើកមកហើយ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ការដឹកនាំក្រុមការងារចម្រុះចុះមកអនុវត្តវិធានការរដ្ឋបាលចុះរុះរើលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២ខ្នង ដែលបានសាងសង់រំលោភលើដីកម្មសិទ្ធិរបស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត ដែលមានការសម្របសម្រួល ពីលោកព្រះរាជាអាជ្ញាធរអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា ដោយអាជ្ញាធរបានខិតខំសម្របសម្រួលគ្រប់នីតិវិធី និងដាក់ឱសានវាទចំនួន២ដងហើយ ដើម្បីឲ្យពួកគាត់រុះរើចេញ តែមិនទទួលយកការសម្របសម្រួល ទើបអាជ្ញាធរ ដឹកនាំកម្លាំងចុះមកអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើ ដូច្នេះ ។
ចំណុច ទីតាំងខាងលើនេះ ជា ដី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត នៅចំណុចមុខមណ្ឌលសុំចត ក្រុងប៉ោយប៉ែត ដែល កំពុងតែអនុវត្តការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស រវាងព្រះរាជាណាចក្រកម្ពុជា សហការជាមួយព្រះរាជាណាច្រកថៃឡង់ តាមរយៈនៃអង្គការសុំចតដូច្នេះមិនអាចពន្យាពេលវេលាឲ្យពួកគាត់បន្តរស់នៅលើដីកម្មសិទ្ធិរបស់ក្រសួងសង្គមដែលកំពុងតែអនុវត្តសាងសង់មជ្ឈមណ្ឌលនេះទៀតបានឡើយ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចការសម្របសម្រួល អនុវត្តវិធានរដ្ឋបាលរុះរើលំនៅឋានប្រជាពលរដ្ឋចំនួន២គ្រួសារ នេះ ផងដែរ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានឧបត្ថម្ភថវិការ ក្នុងមួយគ្រួសារ ១០០០ដុល្លារ និងផ្តល់ដីនៅតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ មួយគ្រួសារទទួលបាន ១០ × ៥០ ផងដែរស្ថិតនៅក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលជីវភាព ដែលពួកគាត់ ព្រមទទួលយកគ្រប់លក្ខណ ដែលអជ្ញាធរ បានណែនាំ ៕