ភ្នំពេញ៖ លោកនាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរីមានប្រសាសន៍នៅរសៀលថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៣នេះថា រដ្ឋបាលខេត្តបាននិងកំពុងសិក្សាករណីសំណើសុំដកដំណែងលោកប៉ែត្រ ភក្រ្តាចេញពីនាយកដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ តាមសំណើរបស់ក្រសួងបរិស្ថាននោះហើយ។ យ៉ាងណាក៏ ដោយ រដ្ឋបាលខេត្តត្រូវការពេលវេលាថែមទៀតដើម្បីសិក្សាឲ្យបានច្បាស់លាស់អំពីកំហុសឆ្គងរបស់លោក
ប៉ែត្រ ភក្រ្តា មុនចេញដីកាសម្រេចដកតំណែងជាផ្លូវការ។
លោកនាយករដ្ឋបាលមានប្រសាសន៍ថា រដ្ឋបាលខេត្តត្រូវការសិក្សាឲ្យបានច្បាស់លាស់អំពីបញ្ហានេះហើយក៏មិនមែនមានន័យថា មិនសម្រេចតាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននោះដែរ។ សំណួរថា តើត្រូវការពេលវេលាប៉ុន្មានទៀតនោះ? លោកនាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី នាង វណ្ណៈ មិនអាចបញ្ជាក់ឲ្យបានច្បាស់លាស់ទេ បើទោះបីជាមកដល់ពេលនេះមានរយៈពេល៤ខែមកហើយ ក្រោយពីរដ្ឋមន្ត្រីក្រសួង បរិស្ថានស្នើដកតំណែងលោក ប៉ែត ភក្រ្តា ចេញពីនាយកដែនជម្រកសត្វព្រៃស្រែពក-ណាមលៀនោះ។
គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានបញ្ចប់តួនាទី លោក ប៉ែត ភក្រ្តា ប្រធានដែនជំរកសត្វព្រៃស្រែ-ពកណាមលៀនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅជាមន្ត្រីធម្មតា ។ នេះបើយោងតាមលិខិតរបស់លោកសាយ សំអាល់ ផ្ញើជូនអភិបាលខេត្តមណ្ឌលគិរី ចុះថ្ងៃ ទី២០ ខែតុលា ឆ្នាំ ២០២២ ។
ការទម្លាក់តំណែងលោកប៉ែត ភក្រ្តា នេះ ធ្វើឡើងតាមរបាយការណ៍របស់អគ្គាធិការដ្ឋានក្រសួងបរិស្ថាន ដែលបានរកឃើញពីកំហុសជាច្រើនរបស់ប្រធានដែនជម្រក សត្វព្រៃរូបនេះ ដែលថា បានប្រព្រឹត្តកំហុសនិងការឆ្គាំ ឆ្គងក្នុងវិជ្ជាជីវៈ ព្រមទាំងយកឥទ្ធិពលនិងអំណាចក្នុងមុខតំណែងរបស់ខ្លួនទៅប្រើគំរាម កំហែង និងបំពានសិទ្ធិប្រជាពលរដ្ឋ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នករាជការ។
បើតាមមន្ត្រីនានានិយាយថា លោកប៉ែត ភក្រ្តា កាលនៅ ជាមន្ត្រីរដ្ឋបាលព្រៃឈើឈរជើងនៅស្រុកកែវសីមាខេត្ត មណ្ឌលគិរីមានរឿងរ៉ាវបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សហើយសំណុំរឿងនេះត្រូវគេខ្សឹបថា កំពុងស្ថិតនៅឯអង្គភាពប្រឆាំងអំពើពុករលួយឡើយ។ ប្រភពបានបន្ថែមថា លោកប៉ែត ភក្ត្រា កំពុងរកច្រកដើម្បីរក្សាឋានៈជាប្រធានការិយាល័យដដែល ប៉ុន្តែនៅកន្លែងផ្សេង។ប្រការនេះមានន័យថាលោកប៉ែត ភក្រ្តា មិនឯកភាពតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននោះឡើយ។
លោក ប៉ែត ភក្រ្តា ក្នុងនាមប្រធានការិយាល័យដែន ជម្រកសត្វព្រៃស្រែពក-ណាមលៀ ត្រូវគេនិយាយថា បានប្រព្រឹត្តអំពើមិនគប្បីជាច្រើនជាពិសេសពាក់ព័ន្ធនឹងបញ្ហាបទល្មើសព្រៃឈើ ។ ក្នុងប្រតិបត្តិការការងាររបស់ខ្លួនលោក ប៉ែត ភក្រ្តា ធ្វើការងារអត្តនោម័តមិនស្ដាប់ថ្នាក់ដឹកនាំនឹងធ្វើការងារមិនចុះសម្រុងជាមួយមន្ត្រីនៅក្រោមឱវាទរបស់ខ្លួន។ រឿងរ៉ាវពុករលួយជាច្រើនត្រូវបានគេហែកកកាយច្រើនលើកច្រើនសារពាក់ព័ន្ធនឹងបទ ល្មើសព្រៃឈើនៅក្នុងតំបន់ស្រែពក។
ក្នុងលិខិតរបស់លោករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើ សុំឲ្យអភិបាលខេត្តមណ្ឌលគិរី បញ្ចប់មុខតំណែងលោកប៉ែត ភក្រ្តា ពីប្រធានដែនជម្រកសត្វព្រៃស្រែពកណាមលៀរ មកជាមន្រ្តីធម្មតា ។ ជាមួយគ្នាលោកសាយ សំអាល់ បញ្ជា លោកប៉ែត ភក្ត្រា ត្រូវមានវត្តមានរាល់ថ្ងៃរាល់ម៉ោងធ្វើការ និងត្រូវគោរពអនុវត្តច្បាប់ បទបញ្ជា គោលការណ៍ និងការណែនាំអប់រំរបស់ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត។
គេមិនដឹងថា តើមូលហេតុអ្វីបានជារដ្ឋបាលខេត្ត មណ្ឌលគិរីស៊ីពេលជាង៤ខែទៅហើយមិនអាចបំពេញសំណូមពររបស់ក្រសួងបរិស្ថានបាននោះ។ គេមិនដឹងថាតើលោកប៉ែត ភក្រ្តាពិតជាខ្លាំងអាចទប់តំណែងបានឬយ៉ាងណានោះទេ?៕