ព័ត៌មានជាតិ

ខ្សឹបតៗគ្នាថាមន្ត្រីគយម្នាក់ពាក់ព័ន្ធនឹងឈ្មួញពីរនាក់សម្រុកនាំចូលទូរស័ព្ទទំនើបៗគេចពន្ធ នាំពីអាមេរិកនិងចិនចែកចាយនៅកម្ពុជានិងវៀតណាម

ភ្នំពេញ ៖​ ការនាំទូរស័ព្ទទំនើបៗពីបរទេសចូល ក្នុងស្រុក ចែកចាយនៅរាជធានីភ្នំពេញតាមបណ្តាខេត្តនិងបន្តដឹកឆ្លង ដែនទៅកាន់ប្រទេសវៀតណាមដោយត្រូវគ្នាជាលក្ខណៈប្រព័ន្ធ។ ប្រភពបានឲ្យថា សព្វថ្ងៃមានឈ្មួញ ២រូប និងមេគយរាជធានីភ្នំពេញ ១រូបទៀត ចាប់យក មុខរបរនេះជាច្រើនឆ្នាំមកហើយ ក្នុងនោះសូម្បីត្រឹមតែមេការក៏អាចរកចំណូលបាន ក្នុង១អាទិត្យ ១ម៉ឺន ទៅ ២ម៉ឺន ដុល្លារ ។ បើយ៉ាងដូច្នេះតើមេៗឈ្មួញទាំង៣រូប ក្នុងនោះមានមេគយ១រូបផង តើរកចំណូលបានអំពើរត់ពន្ធទូរស័ព្ទទំនើបៗនេះទទួលបានផលប្រយោជន៍កម្រិតណា? បន្ទាប់ពីចាត់ចែងកញ្ចប់ឲ្យស្ថាប័ន សមត្ថកិច្ចជំនាញពាក់ព័ន្ធរួចរាល់?

គេបង្ហើបថា ទី១-ឈ្មួញឈ្មោះ អ៊ុង សុភា មន្ត្រីយោធាពាក់ផ្កាយ២, ទី២-ឈ្មោះ ឃីន ត្រូវជាប្អូនប្រុសបង្កើតរបស់ប្រពន្ធមេគយ១រូប ដែលមានឥទ្ធិពល, ទី៣-ឈ្មោះ មុន្នី មេគយ១រូបនៅរាជធានីភ្នំពេញ ជាអ្នករកស៊ីចូល ហ៊ុនជាមួយក្រុមឈ្មួញទាំង២ខាងលើ។

ទូរស័ព្ទទំនើបៗ បាននាំចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមរយៈក្រុមហ៊ុន DHL ជាអ្នកចេញ មុខក្លៀទំនិញទាំងអស់នេះផ្តាច់មុខ ជៀសវាងបែកការណ៍។ ប្រភពខ្សឹបថា ជើងហោះហើរពីអាមេរិកនិងចិនបើមាន១០០ជើងហោះហើរមកភ្នំពេញយ៉ាង តិចក៏មានប្រមាណជា៨០ជើងមាននាំទូរស័ព្ទទំនើបៗចូល។ លោកផ្កាយ២ អ៊ុង សុភាជាអ្នកចាត់ចែងទទួលរត់ការបែងចែក ឲ្យទៅឈ្មោះឃីនដឹកចេញពីភ្នំពេញ ទៅវៀតណាម តាម ផ្លូវជាតិលេខ៨ ដើម្បីឆ្លងតាមច្រកម៉ឺនជ័យ ខេត្តព្រៃវែង, ច្រកត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងច្រកចក្រី ខេត្តព្រៃវែង និងចែកចាយនៅខេត្តកំពង់ចាម ខេត្តព្រៃវែង។

លោកផ្កាយ២ អ៊ុង សុភា ចែកចាយនៅរាជធានីភ្នំពេញផង នាំទៅប្រទេសវៀតណាមផង តាមច្រកបាវិត ច្រកស្មាច់ ច្រកត្រពាំងផ្លុង។ ពេលខ្លះនាំចេញតាមច្រកបាវិត ប៉ះទង្គិចគ្នាជាមួយ យាយញាប់ ទោះជាទំនិញមិនដូច គ្នាក៏ដោយ តែជាប់លេខរៀងផ្លូវច្រករបស់ឈ្មួញរៀងៗខ្លួន។ ចំពោះគយ មុន្នី ច្រើនដាក់តាមជាមួយឈ្មួញទាំង ២នេះ។

និយាយរួមទាំងគយខណ្ឌពោធិ៍សែនជ័យ គយចល័តរាជធានីភ្នំពេញ សាខាគយ និងរដ្ឋាករ រាជធានី គយចល័ត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច ថ្នាក់លើថ្នាក់ក្រោមឲ្យតែដឹងថា ការដឹកទូរស័ព្ទទំនើបៗ អាផេត ឆ្នាំងសាក ថ្មទូរស័ព្ទ ជារបស់លោកផ្កាយ២ អ៊ុង សុភា គឺគ្រប់សមត្ថកិច្ចមិនហ៊ានប៉ះពាល់ទេ។

បើឈ្មោះ ឃីន ដែលត្រូវជាប្អូនប្រុសប្រពន្ធមេគយដ៏មានឥទ្ធិពលវិញ ពីមុនដឹកចេញពីភ្នំពេញ ម្តុំផ្លូវ ២០០៤ សុទ្ធតែឡានយីឌុប ក្រោយមកប្រើឡានតូរីស ហើយបច្ចុប្បន្នប្រើឡានកូរ៉េ ដឹកម្តង ពី៥០ទៅ ៦០កេស។

សូមបញ្ជាក់ថា អ្នកស៊ីឈ្នួលដឹកគិតតម្លៃជាគីឡូក្រាម ព្រោះទូរស័ព្ទថ្លៃៗ និងទំនើបៗ។ ដោយឡែកបញ្ហាដឹកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ដូចជា ចេញពីរាជធានីភ្នំពេញ គឺលោកផ្កាយ២ អ៊ុង សុភា ចេញមុខចាត់ចែងទាំងអស់ គ្មានភ័យខ្លាចសមត្ថកិច្ចណាបង្ក្រាបឡើយ។

ទូរស័ព្ទទំនើបៗដែលពួកគេរត់ ប្រភេទអាយហ្វូន១២, អាយហ្វូន១៣, អាយហ្វូន១៤, និងប្រភេទ (Vertu) របស់ប្រទេសអង់គ្លេស មានតម្លៃ១គ្រឿង ចាប់ពី ៧០០០ដុល្លារឡើងទៅ។

លោកផ្កាយ២ អ៊ុង សុភា ចែកចាយនៅរាជធានីភ្នំពេញ រហូតដល់ម្តុំផ្លូវកម្ពុជាក្រោម អ្នកលក់ទូរស័ព្ទទំនើបៗ គឺស្គាល់លោកផ្កាយ២ អ៊ុង សុភា ច្បាស់ណាស់ ព្រោះជាឈ្មួញមានអំណាច។

លោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឲ្យដឹងថា កាលពីលោកមិនទាន់មកកាន់តំណែងនៅជាប្រធានការិយា ល័យគយ និងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្លាប់ឮគេនិយាយពីឈ្មោះខាងលើនេះដែរ។ ប៉ុន្តែពេលដែលលោកមកកាន់ គឺគ្មានអំពើរត់ពន្ធបែបនេះទេ ព្រោះជាគោលការណ៍របស់ក្រុមហ៊ុនយន្តហោះ មានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាព និងហានិភ័យ អំពីថ្មទូរស័ព្ទ។

ប្រភពខ្លះបានបង្ហើបថា ក្រុមឈ្មួញទាំងបីខាងលើ ដែលមានជានាយទាហាន និងមេគយ ភាគច្រើននាំចូលទូរស័ព្ទទំនើបៗ ប្រភេទដូចខាងលើនេះ តាមច្រកអន្តរជាតិប៉ោយប៉ែត និងមួយចំនួនទៀតតាមច្រករបៀងក្នុងភូមិ សាស្ត្រក្រុងប៉ោយប៉ែត។

មន្ត្រីពាក់ព័ន្ធខាងលើនេះមិនអាចសុំការបំភ្លឺបានទេ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *