ខេត្តមណ្ឌលគិរី ÷ ឧត្តមសេនីយ៍ឯកហាក់ម៉ៅដែលពីមុនល្បីល្បាញខាងកងដឹកជញ្ជូនទំនិញខុសច្បាប់តាមខ្សែផ្លូវសំខាន់ៗនោះ នៅពេលនេះមន្ត្រីពាក់ផ្កាយ៣ម្នាក់នេះ នៃកងពលតូចលេខ៧០ កំពុងរងការចោទប្រកាន់ពីក្រុមអ្នកភូមិជនជាតិដើមភាគតិចថា បានប្រើអំណាចយ៉ាងកំរោលរំលោភយកដីដែលពួកគេកំពុងរស់នៅ និងអាស្រ័យផល។ មិនតែប៉ុណ្ណោះបុគ្គលម្នាក់នេះថែមទាំងប្រើប្រាស់គ្រឿងចាក់ដែលមានពាក់ស្លាកលេខអង្គភាពកងទ័ពទៀតផង។
ក្រុមអ្នកភូមិជនជាតិភាគតិចបាននិយាយថា លោក ហាក់ ម៉ៅ បានប្រើប្រាស់កម្លាំងទាហាន,រថយន្តយោធា និងរថយន្ត សឺរ៉ែន ដើម្បីបំភិតបំភ័យបំបាក់ស្មារតីអ្នក ភូមិ ហើយបានព័ទ្ធ និងឈូសឆាយយកដីធ្លីរបស់ពួកគាត់នៅចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែន នោរម្យ ខេត្ត មណ្ឌលគិរី ។
អ្នកភូមិបានហៅសកម្មភាពនេះប្រៀបបាន នឹងការឆក់ ប្លន់ដីធ្លីនិងជីវិតជីវភាព ដែលបន្សល់ទុកពីដូនតារាប់តំណររបស់ពួកគាត់តាមរបៀបឆៅៗ ដែលប្រការនេះផ្ទុយខុសឆ្ងាយពីគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែខ្វល់ខ្វាយគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋសម្ដេចដោយពុំរើសអើង។
ជាមួយគ្នានេះដើម្បីកាត់បន្ថយ និងឈានទៅបញ្ចប់ការ
រំលោភបំពានដីធ្លីជនជាតិដើមភាគតិចពីសំណាក់ពួកអ្នកមានអំណាចមានលុយ ក្រុមអ្នកភូមិក៏បានអំពាវ នាវយ៉ាងទទូចផងដែរ ដល់អាជ្ញាធរខេត្តមណ្ឌលគិរីមេត្តាចុះអនុវត្តលិខិតបង្គាប់ការរបស់ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីក៏ដូចជាក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ រួមទាំងលិខិតរបស់ក្រសួងមហាផ្ទៃក្នុងការវាស់វែងកាត់ឆ្វៀលដី ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។
ភ្នាក់ងារគេហទំព័រយើងបានព្យាយាមទាក់ទងតាមទូរសព្ទទៅលោកឧត្តមសេនីយ៍ឯកហាក់ ម៉ៅ នៅវេលាល្ងាចថ្ងៃទី២៣ខែមករាឆ្នាំ ២០២៣នេះដែរ ប៉ុន្តែសំឡេងនៅបណ្ដាញទូរសព្ទម្ខាងប្រាប់មកថា គាត់មិនមែនជាលោកឧត្តមសេនីយ៍ហាក់ ម៉ៅ នោះទេ៕