ព័ត៌មានជាតិ

ខេត្តកំពតរកឃើញស្ថានីយផូស៊ីលស្លឹកឈើថ្មីមួយកន្លែងទៀត គឺរកឃើញនៅលើភ្នំកកេះ ក្នុងស្រុកទឹកឈូ

(កំពត) ៖ ផូស៊ីលស្លឹកឈើថ្មីមួយកន្លែងទៀត ត្រូវបានរកឃើញនៅលើភ្នំកកេះ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ហើយនេះជាផូស៊ីលទី៦៧ ជាប្រភេទផូស៊ីលស្លឹកឈើបុរាណ ដែលមានអាយុកាលចន្លោះពី ៦៥-១៥០ឆ្នាំ ។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជំនាញ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃក្រសួងបរិស្ថាន ។

លោក លីម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញស្ថានីយផូស៊ីលស្លឹកឈើថ្មីមួយនៅភ្នំកកេះនេះ គឺស្ថិតក្នុងបរិវេណប្រហែលជាង ១០០ម៉ែត្រ ប៉ុន្តែវាត្រូវបានកប់ក្នុងស្រទាប់ថ្ម ដោយក្រុមការងារបានរកឃើញតែផ្នែកខ្លះប៉ុណ្ណោះ ។

ផូស៊ីលដែលរកឃើញមានសណ្ឋានជាដើមប៉ប្រក និងរុក្ខជាតិមួយចំនួនផ្សេងទៀត ។ បច្ចុប្បន្នមិនទាន់មានអ្នកជំនាញណាម្នាក់សន្និដ្ឋាន និងអាចផ្ដល់ព័ត៌មានលម្អិតពីស្ថានីយផូស៊ីលនេះឡើយ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ឆ្នាំ នៃសកម្មភាពសិក្សាស្រាវជ្រាវ អ្នកជំនាញបានរកឃើញស្ថានីយផូស៊ីលសរុបចំនួន ៦៧ស្ថានីយ ក្នុងនោះមានផូស៊ីលឈើ ១៤ស្ថានីយ, ផូស៊ីលសត្វសមុទ្រ ៤៥ស្ថានីយ, ផូស៊ីលសត្វទឹកសាប ២ស្ថានីយ, ផូស៊ីលដានជើងសត្វ ៣ស្ថានីយ, ផូស៊ីលដាយណូស័រ ១ស្ថានីយ និងផូស៊ីលស្លឹកឈើ ១ស្ថានីយ ។

ស្ថានីយផូស៊ីលទាំង ៦៧ស្ថានីយនេះ មានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យ បាត់ដំបង កោះកុង ពោធិ៍សាត់ និងកំពត ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *