(សៀមរាប) ៖ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាជំនួបធុរកិច្ច និងពិធីលៀងសាយភោជន៍ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally នៅមុខប្រាសាទបាយ័ន នៃខេត្តសៀមរាប ។
ថ្លែងក្នុងសុន្ទរកថានាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់គណៈប្រតិភូ Gumball 3000 តាមរយៈលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 Group សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធ ដែលបានជ្រើសរើសប្រទេសកម្ពុជាជាគោលដៅក្នុងរៀបចំព្រឹត្តិការណ៍ប្រមូលផ្តុំរថយន្តដ៏ធំនេះ ។
ពិសេសជាងនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងបំបែកឯកទគ្គកម្មពិភពលោក «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» ក្នុងតំបន់បេតិកភណ្ឌ ដែលក្លាយជាឱកាសប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជា ។
ឆ្នាំ២០២៤ នេះ ក៏ជាឆ្នាំទស្សនាសៀមរាប ដែលស្របពេលកម្ពុជាកំពុងពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗ តាមរយៈការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាដើម ។
គំនិតផ្តួចផ្តើមទាំងនេះ និងព្រឹត្តិការណ៍ Gumball 3000 បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនងទេសចរណ៍ និងវប្បធម៌ជាមួយដៃគូពិភពលោក និងការលើកកម្ពស់បទពិសោធន៍រួមគ្នា ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ប្រតិបត្តិករទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងសហគមន៍ធុរកិច្ចអន្តរជាតិ ធ្វើការរួមគ្នាក្នុងការចាប់យកឱកាសក្នុងព្រឹត្តិការណ៍ Gumball 3000 ដើម្បីធ្វើឱ្យបទពិសោធន៍របស់អ្នកទស្សនាគ្រប់រូបនៅក្នុងប្រទេសកម្ពុជាមិនអាចបំភ្លេចបាន និងធានាថាពួកគេត្រឡប់មកកម្ពុជាវិញម្តងហើយម្តងទៀត ៕