ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ ដើរទៅអើតមើលរថយន្តគេចតទុក ត្រូវសន្តិសុខ​យកដំបងវាយជើងរបួសធ្ងន់ ស្មានថាចោរ

(ភ្នំពេញ) ៖ យុវជន​ម្នាក់ ដើរ​ទៅ​អើតមើល​រថយន្ត​គេ​ចត​ទុក ត្រូវ​សន្តិសុខ​ឃើញ​សង្ស័យ​ស្មាន​ថា​ជា​ចោរ ក៏​យក​ដំបង​វាយ​ជើង​បណ្ដាល​ឱ្យ​រង​របួស​ដេក​ដួល​ស្ដូកស្ដឹង​នៅ​ចិញ្ចើម​ផ្លូវ​ស្តុប​លូ ។

ហេតុការណ៍​នេះ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង ០៧ ៖ ៣០ នាទី​ព្រឹក ថ្ងៃ​ទី០២ ខែ​កញ្ញា ឆ្នាំ២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង សង្កាត់​ស្ទឹងមានជ័យ​ទី៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។

បុរសដែល​រង​របួស​ខាងលើ មាន​ឈ្មោះ ឡេង តយ អាយុ ២៦ឆ្នាំ មុខរបរ​កម្មករ​ដេរ​ខោ​អាវ​ស៊ី​ថ្ងៃ មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ ។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​យុវជន​រង​គ្រោះ​ខាងលើ​ បាន​ឱ្យ​ដឹង​ថា ព្រឹក​មិញ​នេះ​រូប​គាត់​បាន​ដើរ​តាម​បណ្ដោយ​ផ្លូវ៣៧១ សឡា ខណៈ​ដើរ​ហត់​ពេក​ក៏បាន​ឈប់​សម្រាក​ក្បែរ​រថយន្ត​ ១​គ្រឿង ​ដែល​ម្ចាស់​ចត​ទុក​នៅមុខ​ការ៉ាស់​សាំង​មួយ​កន្លែង ។ ខណៈ​នោះ​ដែរ ក៏​ស្រាប់​តែ​មាន​សន្តិសុខ​យាម​នៅ​ទីនោះ​ឃើញ ស្មាន​តែ​រូបគាត់​បម្រុង និង​លួច​សម្ភារៈ​ក្នុង​រថយន្ត សន្តិសុខ​នោះ ក៏​ទាញ​ដំបង​ដែក​រលាស់​វាយ​ទៅ​លើ​ជើង​ខាងស្ដាំ​ជាច្រើន​ដំបង បណ្ដាល​ឱ្យ​បែក​ស្មងជើង​រង​របួស​ធ្ងន់ ។ ភ្លាមៗ យុវជន​រូប​នោះ ក៏បាន​ព្យាយាម​ដើរ​រហូតដល់​ស្តុប​លូ៥ នៅ​ផ្លូវ​វេង​ស្រេង ទើប​ដេក​ដួល​ដើរ​ទៅ​មុខ​លែង​រួច ។

បច្ចុប្បន្ន យុវជន​ខាងលើ ត្រូវ​បាន​ប្រជា​ការពារ​ដែល​ប្រចាំការ​នៅ​ទីនោះ​ជួយ​យក​អាកុល​លាង​របួស ដើម្បី​សង្គ្រោះ​បឋម រួច​ក៏​ទំនាក់ទំនង​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន​ដឹក​យុវជន​ខាងលើ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *