(បាត់ដំបង) ៖ រថយន្តដឹកឈើ ០១ គ្រឿង សុទ្ធតែប្រភេទមុខធំៗ ត្រូវបានកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយសមត្ថកិច្ចប្រចាំការស្នាក់ការថ្មដា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត នៅត្រង់ចំណុចភូមិសាស្រ្តមុខស្នាក់ការច្រកចង្អៀត ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។
មន្ត្រីពាក់ព័ន្ធដែលចុះបង្ក្រាប បានប្រាប់អ្នកសារព័ត៌មានថា រថយន្តដឹកឈើដែលរងការបង្ក្រាបនេះ មានទិសដៅឆ្ពោះពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់ស្នាក់ការរងច្រកចង្អៀត ហើយត្រូវកម្លាំងមន្រ្តីឧទ្យានុរក្ស បានធ្វើការឃាត់តែម្ដង ។
មន្ត្រីខាងលើ បានបន្តថា ក្រោយពីបានពិនិត្យឃើញមានបង្កប់ឈើ ចំនួន ០៤ សន្លឹកនោះ កម្លាំងសមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាង រួមមាន៖ រថយន្តសណ្ដោងធន់ធំ ០១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខខាងមុខ ត្បូងឃ្មុំ 3A-3400 និងផ្លាកលេខខាងក្រោយ ព្រះសីហនុ 4A-2829 ដឹកឈើប្រភេទមុខធំៗ ចំនួន ០៤ សន្លឹក ស្មើនឹង ១៣,៨៣ ម៉ែត្រគូប ។
ពាក់ព័ន្ធការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ច បានធ្វើការដកហូតរថយន្ត និងឈើ យកទៅរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត ដើម្បីចាត់ការតាមនីតិវិធី ៕