ព័ត៌មានសន្តិសុខសង្គម

ក្មេងស្ទាវ ២នាក់ បង្ហោះម៉ូតូតាមផ្លូវ ត្រូវសមត្ថកិច្ចចាប់យកមកអប់រំ និងប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្ត

(កំពង់ចាម) ៖ សមត្ថកិច្ចនគរបាលស្រុកកំពង់សៀម នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បានបង្ក្រាបករណីក្មេងស្ទាវ ចំនួន ០២ នាក់ ដែលបានធ្វើការបង្ហោះម៉ូតូ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលស្រុកកំពង់សៀម បានឱ្យដឹងថា ឈានទៅដល់ការបង្ក្រាបក្មេងស្ទាវ ០២ នាក់ ខាងលើនេះ ធ្វើឡើងបន្ទាប់ពីបានទទួលបញ្ជាពី លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ។

មន្ត្រីនគរបាលស្រុកកំពង់សៀម បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះដែរ លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះមិត្ត ចុះអន្តរាគមន៍ និងបានធ្វើការឃាត់ក្មេងស្ទាវទាំង ០២ នាក់ ទី១-ឈ្មោះ ភី មករា ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសណ្តាន់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទី២-ឈ្មោះ អាត ភារុន ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្នុងការស្ដាប់ចម្លើយ ក្មេងទាំង ០២ នាក់នោះ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥ ៖ ២០ នាទី ពិតប្រាកដមែន ។

ករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម ឱ្យធ្វើកិច្ចសន្យាអប់រំណែនាំក្មេងទាំង ០២ នាក់នេះ នៅចំពោះមុខអាណាព្យាបាល ហើយប្រគល់ជូនអាណាព្យាបាលយកទៅធ្វើការអប់រំបន្ត ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *