(បាត់ដំបង) ៖ ក្រុមយុវសិស្សវង្វេងសាលា ចំនួន ១៤ នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចូលទៅប្របួចកអូសចេញពីក្នុងតូបលក់បាយ និងគ្រឿងភេសជ្ជៈមួយកន្លែង នៅក្បែររបងខាងកើត «វិទ្យាល័យសម្ដេចឪ» កាលពីវេលាម៉ោង ០៣ រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខណៈពួកគេគេចមិនចូលសាលាហើយប្រមូលផ្ដុំគ្នាសម្ងំនៅទីនោះ ។
អធិការក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានឱ្យដឹងថា ក្រុមយុវសិស្សទាំង ១៤ នាក់នេះ បានប្រមូលផ្ដុំគ្នានៅក្នុងតូបលក់បាយខាងលើ ដែលនៅម្ខាងផ្លូវ នៃរបងវិទ្យាល័យ មិនព្រមចូលរៀនទើបគ្រូបង្រៀនប្ដឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ បំបែកសំបុកក្រុមសិស្សវង្វេងសាលាទាំងនេះយកទៅអប់រំ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលតែងធ្វើដំណើឆ្លងកាត់ទីនោះ បាននិយាយថា តូបលក់ដូរប៉ុន្មានតូបនៅខាងកើតរបង «វិទ្យាល័សម្ដេចឪ» គេតែងសង្កេតឃើញមានយុវសិស្សទាំងប្រុស ទាំងស្រីចូលទិញឬប្រមូលផ្ដុំគ្នាយ៉ាងពពាក់ពពូននៅតាមតូប ព្រោះនៅទីនោះស្ងាត់ហើយមិនសូវមានអ្នកដំណើរឆ្លងកាត់នោះទេ ។
ប្រភពដដែល បានបញ្ជាក់ថា ស្ទើររៀងរាល់ថ្ងៃ ពេលខ្លះគេឃើញក្រុមយុវសិស្សមួយចំនួន នាំគ្នាជក់បារីអេឡិចត្រូនិក (ជក់វ៉េប) និងផឹកស៊ីរហូតដល់យប់ក៏នៅតែមានផ្ដុំគ្នាដែរ ដែលគេសង្ស័យថា ក្រុមយុវសិស្សទាំងនោះអាចឈានដល់ការប្រើប្រាសគ្រឿងញៀនទៀតផង ។
លោក ពេជ្រ សារ៉ែន បានប្រាប់ថា នៅពេលកម្លាំងចូលបង្ក្រាប កម្លាំងរកមិនឃើញមានវត្ថុតាង ដែលអាចពាក់ព័ន្ធនឹងបទល្មើសទេ តែយ៉ាងណា លោកស្នងការ បានបញ្ជាឱ្យនាំខ្លួនពួកគេមកកាន់អធិការក្រុង ដើម្បីសួរនាំ និងធ្វើការអប់រំ ។
លោក បានបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការអប់រំពួកគេ ហើយបានអញ្ជើញអាណាព្យាបាលពួកគេទាំងអស់ ឱ្យមកមើល និងបានដឹងពីទង្វើ និងពីសកម្មភាពកូនៗរបស់ខ្លួន ដែលចេញពីផ្ទះថា មកសាលារៀន តែផ្ទុយទៅវិញពួកគេនាំគ្នាគេចវែសមិនចូលសាលា ហើយប្រមូលផ្ដុំប្រព្រឹត្តអំពើមិនល្អនៅតាមតូចលក់បាយ ឬ តាមតូបលក់គ្រឿងភេសជ្ជៈ យ៉ាងស្ងាត់ស្ងៀមទៅវិញ ។
លោកអធិការ បានបន្ថែមថា ក្រោយពីធ្វើការអប់រំ ក៏បានឱ្យអាណាព្យាបាលធ្វើកិច្ចសន្យា ធានាកូនៗរបស់ពួកគេត្រឡប់ទៅផ្ទះវិញ និងសុំឱ្យពួកគាត់ជួយអប់រំណែនាំកូនៗបន្ថែមទៀត ដើម្បីកុំឱ្យកូនៗទាំងនេះ ប្រព្រឹត្តអំពើមិនល្អបែបនេះទៀត ៕