លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុង ពីធី បិទ-បើក វគ្គបំប៉នជំនាញល ហាត់របៀបនៅនឹងកន្លែង សិក្សារយៈពេល១ខែ
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពីធី បិទ-បើក វគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង សិក្សារយៈពេល០១ ខែ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលបានបញ្ជប់ និងបើកវគ្គបន្តចាប់ពី ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ថា ការបើក-បិទ វគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង មានសិក្ខាកាមចូលរួមសរុបចំនួន១១៤នាក់ ស្រីចំនួន០៧នាក់ ក្នុងនោះបិទវគ្គចំនួន ៥៧នាក់ស្រី ០៥នាក់ និងបានបើកវគ្គបន្តដែលបានជ្រើសរើសពីបណ្តាផែនកាងារចំណុះស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣០នាក់ វរសេនាតូច នគរបាលការពារព្រំដែនគោកទាំង៤ ចំនួន១២នាក់ និងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ ចំនួន ១៨នាក់ សិក្ខាកាមដែលបានជ្រើសរើសមកសិក្សាវត្តនេះជាមន្ត្រីនគរបាលដែលពុំទាន់បានឆ្លងកាត់វគ្គបំប៉នជំនាញលំហាត់របៀបចំនួន៤វគ្គ
កន្លងមក។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ការបង្កើតឲ្យមានវគ្គនេះឡើងគឺក្នុងគោលបំណង ១-គោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ក្នុងការបើកវគ្គបណ្តុះបណ្តាលនឹងកន្លែង ២-ដើម្បីពង្រឹងវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ ៣-ពង្រឹង និងជម្រុញ បង្កើតសមត្ថភាពបទពិសោធន៍ចំណេះ ជំនាញ ការងារជាប្រចាំរបស់នគរបាល ឱ្យបានល្អ ៤-ដើម្បីប្រមូលផ្ដុំកម្លាំងទ្រោលសភាពការណ៍ អន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសដែលកើតឡើងជាយថាហេតុ ឆ្លើយតបហេតុការណ៍ចំពោះមុខឲ្យបានទាន់ពេលវេលា។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានផ្តាំផ្ញើរដល់ប្អូនៗ និងកងកម្លាំងទាំងអស់ត្រូវបិទនិងបើកត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រឲ្យបានល្អ ដើម្បីយកចំណេះ ជំនាញ វិជ្ជាជីវ:នគរបាលទៅប្រើទាំងកន្លែងការងារ ទាំងជាមួយពលរដ្ឋក្នុងសហគមន៍ និងការការពារប្រតិភូថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ឲ្យមានប្រសិទ្ធភាពខ្ពស់៕