(ភ្នំពេញ) ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនជាតិម៉ាឡេស៉ី ចំនួន ០៣ នាក់ និងជនជាតិឥណ្ឌូនេស៉ី ចំនួន ១៤ នាក់ ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីរៀបចំឯកសារត្រៀបបណ្តេញចេញកម្ពុជា បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ ភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជនជាតិម៉ាឡេស៉ី និងជនជាតិឥណ្ឌូនេស៉ី សរុបទាំង ១៧ នាក់ ដែលឃាត់ខ្លួនបានកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួចរាល់ហើយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៀបចំឯកសារបណ្តេញចេញពីកម្ពុជា ។
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ២៨ នាក់ (ស្រី ៥នាក់) ដែលក្នុងនោះអ្នកពាក់ព័ន្ធបទល្មើស ជួញដូរ សម្រួល ចំនួន ០៥ នាក់ (ស្រី ១នាក់) ត្រូវបានបញ្ជូនទៅតុលាការ ។
ដោយឡែកសម្រាប់អ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន រួមមាន៖ ជនជាតិខ្មែរ ០៦ នាក់ (ស្រី ៤នាក់) ត្រូវបញ្ជូនទៅមណ្ឌលព្យាបាល ស្តានីតិសម្បទា និងជនបរទេស ១៧ នាក់ ក្នុងនោះជនជាតិម៉ាឡេស៊ី ០៣ នាក់ (ប្រុស), ឥណ្ឌូនេស៊ី ១៤ នាក់ (ប្រុស) ត្រូវបណ្តេញចេញពីកម្ពុជា ។
ចំណែកវត្ថុតាងចាប់យកបាន រួមមាន៖ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ៧៩.៧២ ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៦៣.៣៨ ក្រាម និងសារធាតុញៀន ប្រភេទកេតាមីន (Ketamine) ទម្ងន់ ៨.៥២ ក្រាម ៕