កាលពីយប់ថ្ងៃអង្គារទី៥ ខែមីនា Facebook, Instagram និង Messenger ត្រូវគាំងទូទាំងពិភពលោក ដោយសារបញ្ហាបច្ចេកទេស ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាច Log in ផ្ញើឬទទួលសារបាន ហើយបើយោងតាមគេហទំព័រ GBN ក្រុមហ៊ុនមេគឺ Meta ដែលដឹកនាំដោយ លោក Mark Zuckerberg បានធ្លាក់តម្លៃ ១,៥% ពោលគឺក្រុមហ៊ុនត្រូវខាតលុយប្រមាណ ១៨ ពាន់លានដុល្លារ ។
ក្រុមហ៊ុននេះរកបានប្រាក់ចំណូលភាគច្រើន តាមរយៈការផ្សាយពាណិជ្ជកម្ម ដូចនេះគ្មានអ្វីត្រូវសង្ស័យឡើយដែរថា ចំណូលរបស់ខ្លួនត្រូវទាញទម្លាក់ដោយសារតែបញ្ហានេះ ។
មនុស្សមួយចំនួនដែលជួបប្រទះបញ្ហានេះ ដំបូងគិតថា គណនីរបស់ពួកគេអាចត្រូវបានគេ Hack ប៉ុន្តែមានការបង្ហោះជាង ៨០ ០០០ ផូស នៅលើបណ្តាញសង្គម X ដែលអះអាងថា Facebook និង Instagram កំពុងគាំង ។
ភ្លាមៗនោះ លោក Andy Stone អ្នកនាំពាក្យក្រុមហ៊ុន Meta បានបញ្ជាក់នៅលើ X ថា “បញ្ហាបច្ចេកទេស បណ្តាលឱ្យមនុស្សពិបាកចូលប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង ។ យើងនឹងដោះស្រាយបញ្ហាឱ្យបានលឿនតាមលទ្ធភាព សម្រាប់អ្នកគ្រប់គ្នាដែលរងផលប៉ះពាល់ ហើយយើងសូមអភ័យទោសចំពោះការរអាក់រអួល” ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃអង្គារ ទី៥ ខែមីនា Facebook ក្នុងប្រទេសកម្ពុជា ត្រូវជួបបញ្ហាជាប់គាំងរយៈពេល ០១ ម៉ោង ពោលគឺចាប់ពីម៉ោង ១០ ៖ ៣០ នាទីយប់ រហូតដល់ម៉ោង ១១ ៖ ៣០នាទីយប់ ទើបដំណើរដូចប្រក្រតីវិញ ។
សម្រាប់បញ្ហានេះ បណ្ដាញសង្គម Facebook ហាក់ដូចលុបចោលនូវគណនីអ្នកប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់មិនអាចចូលគណនីរបស់ពួកគេបានឡើយ ។ ចំណែក Instagram ហាក់លុបទិន្នន័យរបស់អ្នកប្រើប្រាស់ដូចជារូបថត និងវីដេអូឃ្លីប ជាដើម ៕