(ភ្នំពេញ) ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរដ៏ស្មោះ និងថ្លៃងអំណរគុណចំពោះ លោក ស៊ឺ ម៉ៅ ដែលបានលែងត្រីរាជ ០១ ក្បាល ទម្ងន់ ១២០ គីឡូក្រាម ប្រវែង ០២ ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបាន នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
សកម្មភាពនេះ គឺជាគំរូដ៏ល្អ និងមានតម្លៃ មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើន ក្នុងដែនទឹកធម្មជាតិសម្រាប់កូនចៅក្រោយៗទៀត ។
បើតាមគេហទំព័រផ្លូវការរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា ត្រីរាជ ជាប្រភេទត្រីទឹកសាប ដែលធំបំផុតមួយក្នុងចំណោមត្រីធំ ០៣ ប្រភេទគឺ បបែលយក្ស និងត្រីគល់រាំង ។ ត្រីរាជ អាចមានប្រវែងរហូតដល់ ០៣ ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០ គីឡូក្រាម ។
ត្រីរាជ ស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកា មានស្បែករលោង មានពុកមាត់ខ្លី ០២ គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹង ចំនួន ០៧ ព្រុយខ្លាញ់តូច ព្រុយគូថវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅខាងក្រោម ។
ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់ កំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ ។
ត្រីរាជ នេះ អាចរស់បានរហូតដល់អាយុ ៦០ ឆ្នាំ ហើយជាប្រភេទត្រី ដែលធំលូតលាស់លឿនបំផុត គឺក្នុង ០១ ឆ្នាំ អាចឡើងទម្ងន់ជាង ១០ គីឡូក្រាម ។
ត្រីរាជ ស៊ីស្លែជាអាហារចម្បង ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ ។ តាមរបាយការណ៍ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ គេបានប្រទះឃើញត្រីរាជ ០១ ក្បាល ដែលមានទម្ងន់ជិត ៣០០ គីឡូក្រាម និងមានប្រវែង ២,៧៤ ម៉ែត្រ ៕