(ស្វាយរៀង) ៖ សមត្ថកិច្ចខេត្តស្វាយរៀង បានតាមប្រមាញ់ក្រុមក្មេងទំនើងមួយក្រុម ដែលជិះម៉ូតូបង្ហោះតាមដងផ្លូវ និងមានដំបងដេញវាយប្រជាពលរដ្ឋ ចំនួន ០២ នាក់ ដែលកំពុងជិះម៉ូតូធ្វើដំណើរតាមដងផ្លូវ ។
ហេតុការនេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយបានជិះម៉ូតូរត់គេចខ្លួនទៅដល់ខេត្តកំពត ក៏ត្រូវសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចនគបាលខេត្តកំពត ចាប់ខ្លួនបានបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធីច្បាប់ ។ បន្ទាប់មកចៅក្រមនៃសាលាដំបូងខេត្តបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។
បើតាមមន្ត្រីនគរបាលការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការចូលរួមលុបបំបាត់ក្រុមក្មេងទំនើង នៅទូទាំងខេត្តស្វាយរៀង និងដឹកនាំអនុវត្តដោយ លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញនគរបាលស្រុកស្វាយជ្រំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងមានការសហការជាមួយកម្លាំងអធិការនគរបាលស្រុកឈូក នៃស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង ចំនួន ០៣ នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក និងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
តាមប្រភពពីបងប្អូនប្រជាពលរដ្ឋ បានលើកឡើងថា មុនពេលកើតហេតុគេឃើញមានក្រុមក្មេងទំនើងមួយក្រុម មានគ្នា ០៤ នាក់ ជិះម៉ូតូឌុបគ្នា០២ គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមដងផ្លូវ និងបានដេញវាយទៅលើជនរងគ្រោះ ចំនួន ០២ នាក់ ដែលកំពុងជិះម៉ូតូតាមដងផ្លូវ ។ បង្កឱ្យជនរងគ្រោះភ័យ ជិះម៉ូតូដួលបណ្តាលឱ្យរងរបួសស្រាល ក៏ប៉ុន្តែខូចម៉ូតូធ្ងន់ ក៏បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ទើបក្រុមជនបង្កដឹងខ្លួនបានជិះម៉ូតូរត់គេចខ្លួនរហូតដល់ខេត្តកំពត ។ ក៏ប៉ុន្តែត្រូវសមត្ថកិច្ចស្រាវជ្រាវអស់រយៈពេល ០៦ ថ្ងៃ ទើបចាប់ឃាត់ខ្លួនបាន ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង ០៣ នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះម៉ូតូ និងដេញវាយជនរងគ្រោះយ៉ាងពិតប្រាកដមែន ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ០៣ នាក់ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ហើយចៅក្រមបានចេញដីកាឃុំខ្លួនជនបង្កទាំង ០៣ នាក់ ដាក់ពន្ធនាគារខេត្តស្វាយរៀងរួចហើយ ចំណែកឯម្នាក់ទៀត គ្រាន់តែរួមដំណើរត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ៕